ប្រព័ន្ធរ៉ាដាចិន ដែលអាចឆ្លុះមើលគោលដៅចម្ងាយ៥០០គីឡូម៉ែត្រ កំពុងលេចមុខនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា អំឡុងសមយុទ្ធ«នាគមាស»
ហៀប ស៊ីថេត
•
4 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ប្រព័ន្ធរ៉ាដាចម្ងាយឆ្ងាយផលិតដោយប្រទេសចិន កំពុងមានវត្តមាននៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា អំឡុងពេលសមយុទ្ធ «នាគមាស ឆ្នាំ ២០២៦ (Golden Dragon 2026)» ដែលកំពុងដំណើរការ។ វត្តមានប្រព័ន្ធរ៉ាដាដ៏ពិសេសនេះ ទំនងជាទាក់ទាញការចាប់អារម្មណ៍សាជាថ្មី ចំពោះសមត្ថភាពឃ្លាំមើលផ្លូវអាកាសនៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែតចិន South China Morning Post នៅថ្ងៃទី២៨ ខែវិច្ឆិកា។

រូបភាព និងវីដេអូ បានបង្ហាញពីប្រព័ន្ធរ៉ាដាប្រភេទ LCQ-776 ដែលអាចឃ្លាំមើលផ្លូវអាកាស និងផ្តល់ដំណឹងជាមុន កំពុងសំគាំងខ្លួនឈរនៅក្បែរកងទ័ពកម្ពុជា ហើយត្រូវបានដំឡើងនៅលើរថយន្តមួយគ្រឿងដែលមានស្លាកលេខរបស់កងយុទ្ធពលខេមរភូមិន្ទ។ យ៉ាងណា បច្ចុប្បន្ន នៅមិនទាន់ច្បាស់លាស់នៅឡើយទេថា តើប្រព័ន្ធរ៉ាដានេះត្រូវបានផ្ទេរទៅឱ្យយោធាកម្ពុជា ឬគ្រាន់តែយកមកដាក់នៅទីនោះសម្រាប់សមយុទ្ធរួមជាមួយយោធាចិន ឬយ៉ាងណា...? វាគឺជាលើកដំបូងហើយ ដែលគេឃើញមានរូបប្រព័ន្ធរ៉ាដាប្រភេទនេះនៅក្នុងប្រទេសកម្ពុជា។

ប្រព័ន្ធរ៉ាដា LCQ-776 មានសមត្ថភាពតាមដានយន្តហោះក្នុងចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ។ ប្រសិនបើត្រូវបានដំឡើងនៅមូលដ្ឋានរាម រ៉ាដា 3D មួយនេះនឹងអាចឃ្លាំមើលផ្នែកខ្លះនៃប្រទេសជិតខាង ដូចជា ថៃ និង វៀតណាម ក៏ដូចជាដែនទឹកជុំវិញតំបន់នោះផងដែរ។ សមយុទ្ធ «នាគមាស ឆ្នាំ២០២៦» គឺជាសមយុទ្ធយោធាទ្វេភាគីលើកទី៨ រវាងកម្ពុជា និងចិន ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៩ ខែធ្នូ នៅមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ និងទីតាំងផ្សេងៗទៀត ដោយផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ប្រឆាំងចោរសមុទ្ទ និងជួយសង្គ្រោះប្រជាជន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត