មេដឹកនាំបារាំង និងប៊ុលហ្ការី ចេញមុខថ្កោលទោស ក្រោយផ្ទុះអំពើហិង្សាក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុប
Chanmarady Chuon
•
18 ម៉ោងមុន

កីឡា៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបជាច្រើនគូកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រែក្លាយជាភាពវឹកវរដោយសារការផ្ទុះអំពើហិង្សា និងការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងក្រុមអ្នកគាំទ្រ ជាពិសេសនៅក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Marseille និងក្រុម Levski Sofia នៅប្រទេសបារាំង រហូតឈានដល់មានកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ នេះបើតាម BBC Sport ចុះផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២៦នេះ...។

ហេតុការណ៍ដ៏អាក្រក់បំផុតបានកើតឡើងនៅទីក្រុង Marseille ប្រទេសបារាំង ដោយក្រុមអ្នកគាំទ្រម្ចាស់ផ្ទះបានបង្កភាពចលាចលគប់វត្ថុរឹង កាំជ្រួចភ្លើង ព្រមទាំងបានទម្លុះចូលទៅក្នុងតំបន់អង្គុយរបស់អ្នកគាំទ្រក្រុមភ្ញៀវ Levski Sofia មកពីប្រទេសប៊ុលហ្ការី។ ការប៉ះទង្គិចគ្នានេះបានបណ្ដាលឱ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតរងរបួសស្រាល។ ក្រៅពីករណីនៅប្រទេសបារាំង អំពើហិង្សា និងភាពវឹកវរក៏បានកើតឡើងផងដែរនៅក្នុងការប្រកួតរវាងក្រុម Besiktas ទល់នឹងក្រុម Hapoel Be'er-Sheva ដែលរៀបចំឡើងនៅប្រទេសហ្សកហ្ស៊ី ក៏ដូចជាជំនួបដែលក្រុម Sunderland បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុម Jagiellonia Bialystok ផងដែរ។

ឆ្លើយតបនឹងឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ និងបានបញ្ជូនក្រុមអធិការកិច្ចផ្នែកក្រមសីលធម៌ និងវិន័យ ចុះធ្វើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីប្រមូលភស្តុតាងចាត់វិធានការតាមផ្លូវច្បាប់កីឡា។ ទន្ទឹមគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លា និងបានធានាអះអាងថានឹងដាក់ទោសជនបង្កឱ្យខាងតែបាន បន្ទាប់ពីលោកបានជជែកពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក រូមែន រ៉ាដេវ ជុំវិញការផ្ដល់ជំនួយសង្គ្រោះដល់ពលរដ្ឋប៊ុលហ្ការីដែលរងគ្រោះ។

ជាចុងក្រោយ ប្រធានាធិបតីប៊ុលហ្ការី លោកស្រី អ៊ីលីយ៉ាណា អ៊ីយ៉ូតូវ៉ា បានសម្ដែងនូវភាពតក់ស្លុតយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាទាំងនេះ ដោយលោកស្រីបានសង្កត់ធ្ងន់ថា អំពើបែបនេះគឺជាការបំផ្លាញតម្លៃដ៏ល្អផូរផង់នៃវិស័យបាល់ទាត់ ហើយអ្នកគាំទ្រគ្រប់រូបគួរតែទទួលបានសុវត្ថិភាពពេញលេញក្នុងការចូលរួមទស្សនា និងគាំទ្រក្រុមដែលខ្លួនស្រឡាញ់ ដោយគ្មានការភ័យខ្លាចឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត