
រដ្ឋធានីកៀវ៖ ក្នុងបទសម្ភាសជាមួយ BBC នៅរដ្ឋធានីកៀវ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាម៉េរិក។ លោកបានរិះគន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាជា «មិត្ត» និងបានព្រមានថា ការយឺតយ៉ាវក្នុងការបញ្ជូនមីស៊ីលការពារដែនអាកាស កំពុងធ្វើឱ្យប្រជាជនអ៊ុយក្រែនបាត់បង់ជីវិត។

លោក ហ្សេឡេនស្គី បានចាត់ទុកទង្វើរបស់លោក ត្រាំ ថា «ចម្លែក» បន្ទាប់ពីលោក ត្រាំ ប្រើពាក្យ «មិត្ត» និងបង្ហោះរូបឱបលោក ពូទីន។ លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ថា លោក ពូទីន គឺជា «អ្នកឈ្លានពាន» ដែលមិនអាចក្លាយជាមិត្តបានឡើយ។ មេដឹកនាំអ៊ុយក្រែន លើកឡើងថា ការធ្វើខ្លួនអព្យាក្រិតខ្លាំងពេកជាមួយអ្នកឈ្លានពាន គឺមិនត្រឹមត្រូវទេ ហើយអាម៉េរិកគួរដាក់សម្ពាធលើរុស្ស៊ីឱ្យខ្លាំងជាងនេះ។ លោកក៏បានកត់សម្គាល់ថា បេសកជនរបស់លោក ត្រាំ គឺ លោក ចារ៉េដ គូស្នើ (Jared Kushner) និង លោក ស្ទីវ វីតខូហ្វ (Steve Witkoff) ហាក់ស្ដាប់ជំហររុស្ស៊ីច្រើនជាងអ៊ុយក្រែន ហើយការចរចាជុំចុងក្រោយនៅអាប៊ូដាប៊ី (Abu Dhabi) មិនទាន់មានវឌ្ឍនភាពទេ បើទោះជារំពឹងថានឹងបន្តនៅខែធ្នូក៏ដោយ។

សង្គ្រាមបង្កឡើងដោយរុស្ស៊ីទៅលើអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល៥ឆ្នាំមកហើយ ខណៈការវាយប្រហារកាន់តែខ្លាំង និងចំនួនជនស៊ីវិលស្លាប់កើនឡើងកាន់តែខ្ពស់។ លោក ហ្សេឡេនស្គី អះអាងថា អ៊ុយក្រែនកំពុងខ្វះខាតមីស៊ីល ប្រឆាំងមីស៊ីលបាលីស្ទីក ហើយអាម៉េរិកពន្យារពេលបញ្ជូនប្រព័ន្ធ Patriot ដោយសារផ្តោតលើមជ្ឈិមបូព៌ាច្រើនជាង។ រុស្ស៊ីបាញ់មីស៊ីលបាលីស្ទីកលើស្ថានីយថាមពល និងស្ពាន ព្រមទាំងបាញ់ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះជារៀងរាល់ថ្ងៃ ខណៈអ៊ុយក្រែនក៏បាញ់ដ្រូនតបតទៅរុស្ស៊ីរាប់រយគ្រឿងដែរ តែយ៉ាងណា យោធាអ៊ុយក្រែនកម្ទេចដ្រូនលឿនរបស់រុស្ស៊ីបានប្រមាណ ៧០ភាគរយ។ ជាចុងក្រោយ លោក ហ្សេឡេនស្គី បញ្ជាក់ថា ប្រព័ន្ធ Starlink និង Starshield របស់អាម៉េរិក នៅតែត្រូវបានរឹតបន្តឹងនៅតំបន់ដែលរុស្ស៊ីកាន់កាប់នៅអ៊ុយក្រែន៕




