ចិន ត្រៀមបញ្ចេញសព្វាវុធទំនើបៗ រួមទាំងរថយន្តប្រឆាំងដ្រូន និងរថក្រោះជំនាន់ថ្មី នៅក្នុងពិព័រណ៌ក្រុងស៊ូហៃ
ហៀប ស៊ីថេត
•
14 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ មុនពិធីតាំងពិព័រណ៌ដែនអាកាសក្រុងស៊ូហៃ (Zhuhai) ចាប់ផ្តើមនៅខែធ្នូខាងមុខ រូបភាព និងវីដេអូជាច្រើននៅលើបណ្តាញសង្គម បានបង្ហាញពីវត្តមានគ្រឿងសព្វាវុធទំនើបៗរបស់ចិន ខណៈការបង្ហាញខ្លួននេះ ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រដ្ឋធានីប៉េកាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបលើសមរភូមិ និងការពង្រីកទីផ្សារលក់អាវុធទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន South China Morning Post នាថ្ងៃទី២១ ខែវិច្ឆិកា។

គ្រឿងសព្វាវុធសំខាន់ៗដែលគេឃើញ មានដូចជា រថយន្តប្រឆាំងដ្រូនប្រភេទ Mengshi-III ដែលមានកង់៦ និងបំពាក់រ៉ាដាទំនើប។ រ៉ាដានេះ អាចចាប់សញ្ញាដ្រូនដែលហោះទាប និងមានទំហំតូចៗក្នុងរយៈចម្ងាយរហូតដល់១០គីឡូម៉ែត្រ ព្រមទាំងអាចតាមដានគោលដៅច្រើនក្នុងពេលតែមួយ។ បច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់បំផុតក្នុងសង្គ្រាមសម័យថ្មី ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ លើសពីនេះ រថយន្តប្រឆាំងគ្មានមនុស្សបើក ក៏គេប្រទះឃើញចំនួន២ប្រភេទផ្សេងគ្នាផងដែរ។ ប្រភេទខ្នាតតូច មានបំពាក់មីស៊ីលប្រឆាំងរថក្រោះត្រកូល Hongjian ចំនួន ៤គ្រាប់។ ចំណែក ប្រភេទខ្នាតមធ្យម មានទម្ងន់ប្រហែល១០តោន បំពាក់កាំភ្លើងធំមួយដើម មីស៊ីលប្រឆាំងរថក្រោះ៤គ្រាប់ និងអង់តែន៤នៅខាងលើ ដែលទំនងជាផលិតឡើងសម្រាប់នាំចេញ។

ក្រៅពីនេះ គេក៏ឃើញមានវត្តមានរថក្រោះម៉ូដែលថ្មីបំផុតនៃត្រកូល VT-4។ រថក្រោះនេះត្រូវបានបង្កើនសមត្ថភាពលើប្រព័ន្ធការពារគ្រោះថ្នាក់ ប្រព័ន្ធការពារសកម្ម ប៉មអាវុធ និងឧបករណ៍អេឡិចត្រូនិក។ បច្ចុប្បន្ន រថក្រោះត្រកូល VT-4 នេះ គឺជាទំនិញនាំចេញដ៏ជោគជ័យរបស់ចិន ដែលកំពុងប្រើប្រាស់ដោយកងទ័ពថៃ ប៉ាគីស្ថាន និងនីហ្សេរីយ៉ា។ គួរបញ្ជាក់ថា ពិព័រណ៌អាកាសចរណ៍ក្រុងស៊ូហៃ (Zhuhai) ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ។ អ្នករៀបចំកម្មវិធីបានអះអាងថា នឹងមានក្រុមហ៊ុនជាង១១០០ មកពីជិត៥០ប្រទេសចូលរួម ដោយដាក់តាំងបង្ហាញគ្រឿងសព្វាវុធ និងបច្ចេកវិទ្យាជាង៣០០០មុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត