
រដ្ឋធានីប៉េកាំង៖ ជាលើកដំបូងហើយដែលប្រទេសចិន បានប្រើប្រាស់នាវាចម្បាំងដឹកជញ្ជូនធុនធ្ងន់ ដឹករថក្រោះប្រយុទ្ធមកកាន់តំបន់អាស៊ីអាគ្នេយ៍ សម្រាប់ធ្វើសមយុទ្ធយោធារួមគ្នាជាមួយកម្ពុជារយៈពេល១៥ថ្ងៃ។ ទន្ទឹមនោះ នាវាច្បាំងខ្នាតយក្សរបស់ចិន រួមជាមួយនាចម្បាំងកងទ័ពជើងទឹកកម្ពុជា បានហ្វឹកហ្វឺនរួមគ្នាកក្រើកផ្ទៃសាគរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតចិន South China Morning Post នាល្ងាចថ្ងៃសុក្រទី២៧ ខែវិច្ឆិកា...។

សារព័ត៌មានខាងលើចុះផ្សាយថា កងទ័ពចិន បានដឹករថក្រោះប្រយុទ្ធធុនធ្ងន់ម៉ូដែល Type 96A តាមរយៈនាវាដឹកជញ្ជូនកងទ័ពជើងទឹក និងជើងគោក Type 071 ដែលមានឈ្មោះថា «ឃុនលុនសាន (Kunlunshan)» ទម្ងន់២ម៉ឺនតោន ចូលសំចត និងបើករថក្រោះចុះនៅមូលដ្ឋានទ័ពជើងទឹករាមនៃប្រទេសកម្ពុជា[ជា]លើកដំបូង។ ការបញ្ជូនសព្វាវុធធុនធ្ងន់ទាំងនេះ គឺដើម្បីចូលរួមក្នុង«សមយុទ្ធនាគមាសឆ្នាំ២០២៦ (Golden Dragon 2026)» ដែលមានរយៈពេល១៥ថ្ងៃ ដោយបានចាប់ផ្តើមកាលពីថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ សមយុទ្ធនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ក្នុងកំពង់ផែរាម ដែលទើបបើកដំណើរការកាលពីដើមឆ្នាំ២០២៥។

អ្នកវិភាគមើលឃើញថា កំពង់ផែរាម គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ដែលជួយឱ្យចិនអាចវាងផ្លូវសមុទ្ទកកស្ទះ និងងាយស្រួលចេញចូលទៅកាន់ឈូងសមុទ្ទអាន់ដាម៉ាន់។ ទូរទស្សន៍រដ្ឋចិន CCTV បានបង្ហាញវីដេអូដ៏កម្រពីទិដ្ឋភាពខាងក្នុងនាវាចម្បាំងដ៏ធំសម្បើមនេះ ខណៈរថក្រោះ និងរថយន្តយោធាចិនជាច្រើនគ្រឿង ត្រូវបានបើកចេញពីនាវាមកលើគោកបន្តកន្ទុយគ្នាដូចខ្យង៕





