
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បានថ្លែងសារនយោបាយយោធាដ៏ព្រហើន ថា ប្រទេសជាតិ មិនអាចពឹងផ្អែកតែលើជំនួបការទូតរបស់ថ្នាក់ដឹកនាំដើម្បីធានាសន្តិភាពនោះទេ ប៉ុន្តែត្រូវត្រៀមលក្ខណៈយោធា និងសព្វាវុធឱ្យបានរួចរាល់ទុកជាមុនសិន ជាពិសេស ការបង្កើនថវិកាការពារជាតិឱ្យបានរឹងមាំ និងគ្រប់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយដោយការសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងបន្ទាប់ពីធ្វើជាអធិបតីក្នុងពិធីបើកសមយុទ្ធយោធាទ័ពអាកាសភូមិន្ទថៃ នៅក្នុងខេត្តលពបុរី កាលពីថ្ងៃព្រហស្បតិ៍ទី២៦វិច្ឆិកា អនុទីន លើកឡើងបែបទំនើងកោងកាច ថា៖«យើងមិនអាចសន្មតបានថា នឹងមិនមានជម្លោះកើតឡើង ដោយគ្រាន់តែឃើញថ្នាក់ដឹកនាំប្រទេសជួបប្រជុំគ្នាពីរបីដងក្នុងមួយឆ្នាំនោះទេ»។ ជាងនេះទៅទៀត អនុទីន បានបោះសម្តីយ៉ាងឡូយ ថា ប្រទេសថៃ ចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ដែលអាចកើតមានឡើង ហើយរាជរដ្ឋាភិបាលរបស់លោក ក៏បានប្តេជ្ញាផ្តល់ការគាំទ្រផ្នែកថវិកា និងសម្ភារយោធាឱ្យបានពេញលេញផងដែរ ដើម្បីធានាថា កងកម្លាំងប្រដាប់អាវុធមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារអធិបតេយ្យជាតិ។ ទន្ទឹមនឹងប្រទេសថៃ កំពុងទន្ទ្រានកាន់កាប់ទឹកកម្ពុជា ដោយខុសច្បាប់។

ជាក់ស្តែង កងទ័ពអាកាសថៃ បានអួតសម្ញែងសម្ដែងឫទ្ធិសមត្ថភាពយោធាអាកាសរបស់ខ្លួន យ៉ាងពេញទំហឹងក្នុងសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដោយប្រើប្រាស់យន្តហោះចម្បាំងច្រើនប្រភេទ ដូចជា៖ F-5, F-16, T-50TH, Gripen និង Alpha Jet កន្លងមក យោធាថៃឈ្លានពាន ក៏បានប្រើបក្សីចម្បាំងស្លាបដែកទាំងនេះ ហោះចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ដោយបានទម្លាក់គ្រាប់បែកកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធ ភូមិឋាន និងផ្ទះសម្បែងប្រជាជនស៊ីវិលកម្ពុជា ជាពិសេស បំផ្លិចបំផ្លាញសំណង់ប្រសាទបុរាណខ្មែរយ៉ាងគគ្លើនបំផុត ព្រមទាំងបន្តឈរជើង និងកាន់កាប់ដីខ្មែរជាច្រើនទីតាំង បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាំពួរក៏ដោយ។ ក្រៅពីនេះ យោថៃ ក៏បានប្រតិបត្តិការដ្រូនយុទ្ធសាស្ត្រ សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធការពារដែនអាកាស ជាដើម។

ដើម្បីជាចុតហ្មាយបន្តគំរាមកម្ពុជា កងទ័ពអាកាសថៃ នឹងស្នើសុំថវិកាឆ្នាំសារពើពន្ធ២០២៨ ដើម្បីទិញយន្តហោះចម្បាំង Gripen E ដំណាក់កាលទី២ ពីប្រទេសស៊ុយអ៊ែត មានទំហំទឹកប្រាក់ប្រមាណ៦០ពាន់លានបាត។ នៅពេលត្រូវបានសួរថា តើកងទ័ពអាកាសថៃអាចនឹងទិញយន្តហោះចម្បាំង F-35 នាពេលអនាគតដែរឬទេ..? អនុទីន ឆ្លើយសំណួរអ្នកសារព័ត៌មានទាំងអំណួតថា កងទ័ពអាកាសថៃ មានផែនការរក្សាសមត្ថភាពប្រយុទ្ធរបស់កងពលយន្តហោះចម្បាំងសំខាន់ៗទាំងបីរបស់ខ្លួន ហើយយន្តហោះ F-35 គឺជាជម្រើសមួយ ក្នុងចំណោមជម្រើសនានា ដែលកំពុងត្រូវបានពិចារណា នៅពេលដែលយន្តហោះចម្បាំងមានស្រាប់ ត្រូវដល់ពេលដកចេញពីក្របខណ្ឌក្នុងរយៈពេល៥ឆ្នាំខាងមុខ។ យ៉ាងណា សហរដ្ឋអាម៉េរិកមិនព្រមលក់យន្តហោះចម្បាំង F-35 ឱ្យយោធាថៃ ទេ ព្រោះទំនងជាដឹងច្បាស់អំពីចរិកច្រឡោងខាមរបស់របបដឹកនាំរាជធានីបាងកក៕





