
រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines យល់ព្រមទិញយន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាម៉េរិក ដល់ទៅ៥០គ្រឿង ក្នុងតម្លៃប្រមាណ៧,៤ពាន់លានដុល្លារអាម៉េរិក ដែលជាកិច្ចព្រមព្រៀងទិញយន្តហោះធំជាងគេបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។

ការបញ្ជាទិញនេះ កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំង កាលពីខែឧសភាកន្លងទៅ។ មានការរំពឹងទុកថា យន្តហោះទាំងនេះ នឹងត្រូវប្រគល់ជូនដល់ភាគីអ្នកទិញ ចាប់ពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៣៤។ ក្រុមហ៊ុន Boeing និង Airbus បានព្យាករថា ប្រទេសចិន ត្រូវការយន្តហោះថ្មីប្រមាណ៩០០០គ្រឿងត្រឹមឆ្នាំ២០៤៥ ដើម្បីបំពេញតម្រូវការ ដែលច្រើនជាងតំបន់ណាៗទាំងអស់។

ក្រុមហ៊ុន China Southern បានបញ្ជាក់នៅក្នុងឯកសារថា យន្តហោះ Boeing 737 MAX ត្រូវបានគ្រោងទុកសម្រាប់ការប្រគល់ជូនជាដំណាក់កាលនៅចន្លោះឆ្នាំ២០៣១ និងឆ្នាំ២០៣៤។ កាលពីខែមេសា ក្រុមហ៊ុន China Southern និង Xiamen Airlines ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក៏បានយល់ព្រមទិញយន្តហោះត្រកូល Airbus A320neo ចំនួន១៣៧គ្រឿងផងដែរ៕




