មុខដូច សំឡេងដូច! ឧក្រិដ្ឋជនប្រើ Deep Fake ក្លែងជាប៉ូលិសខ្មែរ ឆបោកពលរដ្ឋនៅអាម៉េរិក
ហាក់ អ៊ីឌី
•
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ កលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) កំពុងឈានដល់កម្រិតកាន់តែស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភ ដោយក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាពិសេសកម្មវិធី Deep Fake ដើម្បីក្លែងបន្លំទាំងទម្រង់មុខ និងសំឡេងឱ្យដូចទៅនឹងមន្ត្រីនគរបាលកម្ពុជា ហើយឆបោកប្រាក់ពីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហរដ្ឋអាម៉េរិក....។  

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះបានឱ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមជនខិលខូចបានលួចយករូបភាព និងវីដេអូរបស់លោកវរសេនីយ៍ឯក ហូ សុងរចនា ដែលជាមន្ត្រីនគរបាលជាតិ ទៅប្រើប្រាស់ក្លែងបន្លំបង្កើតជាគណនីក្លែងក្លាយ និងប្រើប្រាស់បច្ចេកវិទ្យាកាត់តវីដេអូ ដើម្បីធ្វើសកម្មភាពឆបោកក្រោមរូបភាពស្នេហាតាមអនឡាញ។ ជាក់ស្តែង ជនសង្ស័យបានប្រើប្រាស់រូបភាពនេះ ទៅលួងលោមឆបោកជនរងគ្រោះម្នាក់ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិក រហូតឈានដល់ការដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជាមួយគ្នា នាយកដ្ឋានបានបញ្ជាក់ថា លោកវរសេនីយ៍ឯក ហូ សុងរចនា ពុំមានជាប់ពាក់ព័ន្ធជាមួយនឹងគណនីក្លែងក្លាយ ឬសកម្មភាពឆបោកស្នេហាតាមអនឡាញខាងលើនេះឡើយ។ ដោយក្រុមជនល្មើសបានលួចយករូបភាពឯកសណ្ឋាននគរបាលជាតិ ទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដើម្បីបង្កើតទំនុកចិត្ត និងបោកប្រាស់ប្រាក់ពីជនរងគ្រោះ។ 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខរកជនសង្ស័យពិតប្រាកដយកមកផ្តន្ទាទោសតាមច្បាប់។ បន្ថែមលើនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវ សាធារណជនទាំងក្នុង និងក្រៅប្រទេស មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំចាញ់បោកការលួងលោមតាមបណ្តាញសង្គម ឬការខលជាវីដេអូ ដែលប្រើប្រាស់រូបភាពមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធ ដើម្បីទាមទារឱ្យផ្ទេរប្រាក់ជាដាច់ខាត។ សូមជម្រាបផងដែរថា បច្ចេកវិទ្យា Deep Fake បច្ចុប្បន្នអាចចម្លងទម្រង់មុខ កាយវិការ និងសំឡេងបានយ៉ាងជិតស្និទ្ធ ដូច្នេះ ការឃើញមុខតាមវីដេអូខលតែមួយមុខ មិនអាចយកមកធ្វើជាសំអាងថាជាមន្ត្រីពិតប្រាកដបានឡើយ។ សមត្ថកិច្ចជំនាញ ណែនាំឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំប្រញាប់ប្រញាល់ផ្ទេរប្រាក់ ឬទម្លាយព័ត៌មានសម្ងាត់តាមការស្នើសុំតាមទូរសព្ទ និងត្រូវផ្ទៀងផ្ទាត់ជាមួយស្ថាប័នផ្លូវការ ឬសមត្ថកិច្ចពាក់ព័ន្ធជាមុន៕

ជនល្មើស បន្លំធ្វើជាសមត្ថកិច្ច
ជនល្មើស បន្លំធ្វើជាសមត្ថកិច្ច
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត