
កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជានារីវ័យក្មេង៤នាក់ ដែលឆ្លៀតឱកាសធ្វើសកម្មភាពឆក់ខ្សែក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅខេត្តកំពង់ស្ពឺ...។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា នារីជាជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១៖ ឈ្មោះ ឈុន ស្រីនិច អាយុ១៩ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ សុត ស្រីណាង អាយុទើប១៦ឆ្នាំ មានទីលំនៅភូមិរកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល, ទី៣៖ ឈ្មោះ កែវ ស៊ីណា អាយុទើប១៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ទី៤៖ ឈ្មោះ សុត ស្រីណែត អាយុទើប១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្រុមជនសង្ស័យខាងលើ បានឆ្លៀតធ្វើសកម្មភាពឆក់ខ្សែក អំឡុងពេលប្រជាពលរដ្ឋដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនបានទាន់ពេលវេលា។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕




