ក្រោយរងការរិះគន់ខ្លាំងលើរូបសំណាកព្រះនារាយណ៍ ចៅហ្វាយខេត្តស្ទឹងត្រែងថា កំពុងកែតម្រូវចំណុចខ្វះខាត
អ
អុន សម្ផស្ស
•
7 ម៉ោងមុន

ខេត្តស្ទឹងត្រែង៖ ក្រោយរងការរិះគន់ និងការជជែកវែកញែកយ៉ាងផុសផុលពីមហាជនលើបណ្តាញសង្គម ជុំវិញរចនាបថរូបសំណាកព្រះវិស្ណុ ឬព្រះនារាយណ៍ ដែលទើបប្រារព្ធពិធីអភិសេកជាផ្លូវការ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងកែតម្រូវចំណុចខ្វះខាតមួយចំនួនលើទម្រង់ និងខ្នាតរូបសំណាកនេះ..។

តាមរយៈសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សរ សុពុត្រា បានទទួលស្គាល់ថា រូបសំណាកព្រះនារាយណ៍មានចំណុចខ្វះខាត ឬភាពល្អៀងមួយចំនួន ហើយលោកក៏បានបញ្ជាក់ពីការទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ។ ទន្ទឹមនឹងការបញ្ជាក់ពីការកែតម្រូវនេះ លោកអភិបាលខេត្តក៏បានស្នើដល់មហាជនឱ្យបញ្ចប់ការជជែកវែកញែក និងការប្រកែកគ្នាលើរូបសំណាកនេះ ដោយលើកឡើងថា ពេលវេលាបច្ចុប្បន្ន ជាពេលដែលប្រជាជនខ្មែរត្រូវរួបរួមសាមគ្គីគ្នា ដើម្បីប្រឈមមុខនឹងសត្រូវរួមរបស់ជាតិ។

ជាមួយគ្នា លោកអភិបាលខេត្ត ពន្យល់ថា ការសាងសង់រូបសំណាកនេះបានយកលំនាំតាមរូបសំណាកទេវរូបព្រះវិស្ណុ ឬព្រះនារាយណ៍ ធ្វើពីថ្មភក់ ដែលមានប្រភពពីតំបន់កំពង់ចាមកៅ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងរចនាបថសំបូរព្រៃគុក សម័យមុនអង្គរ សតវត្សរ៍ទី៧។ រូបសំណាកបុរាណនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩១១ និងត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩១២។ រូបសំណាកនេះធ្វើពីថ្មភក់ មានកម្ពស់ ២៤៨ សង់ទីម៉ែត្រ រួមទាំងផ្នែកកន្ទុយ និងជើងទម្រដោត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត