ហ្សេឡេនស្គី ហៅ ពូទីន ថាជា «ឃាតក» ផ្ទុយស្រឡះពី ត្រាំ ដែលហៅថាជា «មិត្តភក្តិ»
ហៀប ស៊ីថេត
•
15 ម៉ោងមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាជា«ឃាតក» នៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រទី២០ ខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅមេដឹកនាំរុស្ស៊ីរូបនេះថាជា«មិត្តភក្តិ»។

លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី

លោក ហ្សេឡេនស្គី បានប្រាប់ទូរទស្សន៍ CNN ថា៖«សម្រាប់ពួកយើង លោក ពូទីន គឺជាសត្រូវ ហើយពិតណាស់ សម្រាប់ពួកយើង គាត់គឺជាឃាតក។ ហើយខ្ញុំគិតថា សម្រាប់ប្រជាជនភាគច្រើននៅលើពិភពលោក គាត់ក៏ជាឃាតកដែរ»។ សម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន កើតឡើងបន្ទាប់ពីលោក ត្រាំ និងលោក ពូទីន ទើបជួបពិភាក្សាគ្នានៅប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលជាជំនួបលើកដំបូងរបស់មេដឹកនាំទាំង២ ចាប់តាំងពីខែសីហា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ លោក ត្រាំ បានហៅលោក ពូទីន ថាជា «មិត្តភក្តិ» ខណៈប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបជាភាសាអង់គ្លេសថា៖«រីករាយដែលបានជួបអ្នក»។

លោក ត្រាំ បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោកជាមួយលោក ពូទីន និងមេដឹកនាំចិនលោក ស៊ី ជីនពីង ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាន។ លោក ត្រាំ ថ្លែងថា៖«ខ្ញុំមានទំនាក់ទំនងដ៏ល្អអស្ចារ្យជាមួយលោក ពូទីន។ នោះគឺជារឿងដ៏ល្អប្រសើរណាស់។ ខ្ញុំមានទំនាក់ទំនងដ៏ល្អអស្ចារ្យជាមួយប្រធានាធិបតី ស៊ី។ នោះជារឿងល្អ ហើយប្រទេសរបស់យើងមានសុវត្ថិភាពដោយសារតែរឿងនោះ»។

សូមជម្រាបថា កងទ័ពរុស្ស៊ី បានបើកការធ្វើសង្គ្រាមទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដែលបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សរាប់សែននាក់។ រដ្ឋធានីវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់រដ្ឋធានីកៀវ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ចូ បៃឌិន  ប៉ុន្តែលោក ត្រាំ បានកាត់បន្ថយជំនួយយោធាសម្រាប់អ៊ុយក្រែន ចាប់តាំងពីលោកបានវិលត្រឡប់ចូលកាន់តំណែងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត