
រដ្ឋធានីសេអូល៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយមិនបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឡើយ បើទោះបីជាលោក ត្រាំ បានព្យាយាមបង្ហាញបំណងចង់ជួបជាច្រើនលើកក៏ដោយ។ ផ្ទុយទៅវិញ លោក គីម បានធ្វើព្រងើយកន្តើយ ហើយចំណាយពេលទៅរមណីយដ្ឋានជិះស្គី ឡើងកំពូលភ្នំ និងទស្សនាសាកលវិទ្យាល័យកងទ័ពជើងទឹកទៅវិញ...។

ទោះបីជាលោក ត្រាំ អះអាងថា លោករវល់នឹងកិច្ចប្រជុំផ្សេងៗច្រើនពេក ទើបមិនបានជួបគ្នា ប៉ុន្តែអ្នកជំនាញនយោបាយមើលឃើញពីមូលហេតុសំខាន់ៗមួយចំនួន នៅពីក្រោយការមិនព្រមជួបរបស់លោក គីម ជុងអ៊ុន។ ជាក់ស្តែង កាលពីឆ្នាំ២០១៩ កិច្ចប្រជុំកំពូលនៅរដ្ឋធានីហាណូយ បានបរាជ័យ ធ្វើឱ្យលោក គីម ត្រូវត្រឡប់ទៅប្រទេសវិញដោយដៃទទេ។ មេរៀននេះ ធ្វើឱ្យលោក គីម យល់ថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មិនអាចទុកចិត្តបានឡើយ។ លើសពីនេះ សហរដ្ឋអាម៉េរិក ក៏មិនបានបញ្ជូនក្រុមការងារទៅចរចារៀបចំទុកជាមុន តាមផ្លូវការនោះដែរ ដូច្នេះ លោក គីម មិនចង់ទៅជួបគ្រាន់តែដើម្បីថតរូបបង្កើនប្រជាប្រិយភាពនយោបាយឱ្យលោក ត្រាំ ដោយគ្មានលទ្ធផលជាក់ស្តែងទេ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ចង់ឱ្យសហរដ្ឋអាម៉េរិកទទួលស្គាល់ខ្លួនជាផ្លូវការថាជា«រដ្ឋអំណាចនុយក្លេអ៊ែរ» ទើបព្រមចរចា។ ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុន សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រកាសរួមគ្នា ថា ពួកគេនៅតែទាមទារឱ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង ដែលជំហរនេះធ្វើឱ្យលោក គីម គ្មានអារម្មណ៍ចង់ជួបចរចាឡើយ។

បច្ចុប្បន្ន កូរ៉េខាងជើង លែងទាល់ច្រកដូចមុនទៀតហើយ។ របបព្យុងយ៉ាង កំពុងទទួលបានជំនួយសេដ្ឋកិច្ច និងយោធាយ៉ាងច្រើនពីរុស្ស៊ី ជាថ្នូរនឹងការជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ព្រមទាំងមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយចិន និងមានចំណូលពីការលួចលុយគ្រីបតូ តាមអ៊ីនធឺណិតផងដែរ។ កត្តាទាំងនេះ ធ្វើឱ្យកូរ៉េខាងជើង មិនចាំបាច់ត្រូវពឹងពាក់លើការចរចាជាមួយសហរដ្ឋអាម៉េរិកដូចកាលពីមុនឡើយ។ ការដែលលោក គីម ចេញមុខទៅធ្វើការងារតាមបណ្តាខេត្ត ជំនួសឱ្យការឆ្លើយតបនឹងលោក ត្រាំ គឺជាចេតនាបង្ហាញឱ្យពិភពលោកឃើញថា កូរ៉េខាងជើង មិនបានរង់ចាំ ឬរំភើបនឹងការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកនោះដែរ។ តើពួកគេអាចជួបគ្នា នាពេលអនាគតដែរឬទេ..? ទោះជាលើកនេះ មិនបានជួបគ្នាក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា កូរ៉េខាងជើង ក៏មិនបានប្រកាសបដិសេធដាច់អហង្កាដែរ។ ដូច្នេះ ប្រសិនបើថ្ងៃណាមួយសហរដ្ឋអាម៉េរិក ព្រមផ្តល់លក្ខខណ្ឌដែលរដ្ឋធានីព្យុងយ៉ាងពេញចិត្ត ជំនួបរវាងមេដឹកនាំទាំង២ នៅតែអាចកើតឡើងបាន នាពេលអនាគត៕




