
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា លោកមិនដឹងថា តើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅរដ្ឋផ្លរីដា (Florida) នាខែក្រោយ ឬយ៉ាងណានោះទេ វាអាស្រ័យលើការសម្រេចចិត្តរបស់លោក ពូទីន ផ្ទាល់...។

លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ប្រសិនបើលោក [ពូទីន] ចង់មក លោកពិតជាអាចមកបាន»។ លោកបន្ថែមថា៖«មនុស្សមួយចំនួន នឹងមិនចង់ឃើញវត្តមានលោក ពូទីន នៅក្នុងកិច្ចប្រជុំថ្ងៃទី១៤-១៥ ខែធ្នូ នោះទេ ហើយលោកផ្ទាល់ក៏សង្ស័យថា លោក ពូទីន ប្រហែលជាមិនចង់មកចូលរួមដែរ..ប៉ុន្តែខ្ញុំចង់ឱ្យលោកមកចូលរួម»។ យ៉ាងណា វិមានក្រឹមឡាំង ថ្លែងថា មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ជុំវិញការចូលរួមរបស់លោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលនេះ។

លោក ពូទីន បានថ្លែងបន្ទាប់ពីជួបជាមួយលោក ត្រាំ កាលពីសប្តាហ៍មុន ថាលោកនឹងពិចារណាចូលរួមកិច្ចប្រជុំនេះ បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក រួច ប៉ុន្តែលោកបញ្ជាក់ថា លោកចាំបាច់ត្រូវគិតគូរពីស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីជាមុនសិន មុននឹងសម្រេចចិត្ត ថា តើត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ឬយ៉ាងណា..? សូមរំឭកថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ផងដែរ លោកចង់ឃើញប្រទេសរុស្ស៊ីដកថយពីការឈ្លានពានផ្នែកយោធាប្រឆាំងនឹងដែនដីនានា នៅទូទាំងទ្វីបអឺរ៉ុប ដោយសង្ឃឹមថា វាអាចនឹងនាំទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានយ៉ាងឆាប់រហ័ស៕




