ក្រុមហេគឃ័រ វា.យប្រ.ហារប្រព័ន្ធ Cloud One របស់កងទ័ពអាកាសអាម៉េរិក រង្គោះរង្គើប្រព័ន្ធគ្រប់គ្រងស្នូល
ហៀប ស៊ីថេត
•
29 នាទីមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រភពចំនួន៥ ដែលមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ក្រុមហេគឃ័រ (Hacker) បានជ្រៀតចូលប្រព័ន្ធ Cloud One ដែលជាវេទិកាកុំព្យូទ័រ Cloud ដ៏ធំបំផុតមួយរបស់យោធាសហរដ្ឋអាម៉េរិក។ ការវាយប្រហារនេះ ត្រូវបានរកឃើញក្នុងរយៈពេលប្រហែលមួយខែចុងក្រោយនេះ ពេលកំពុងអាប់ដេតប្រព័ន្ធ  (Update) ហើយអាចប៉ះពាល់ដល់ទិន្នន័យសំខាន់ៗ ដូចជា ទិន្នន័យយុទ្ធសាស្ត្រ បុគ្គលិក និងភស្តុភារ។

បច្ចុប្បន្ន នៅមិនទាន់ដឹងច្បាស់ថា នរណាជាអ្នកវាយប្រហារនោះទេ? ហើយទំហំនៃការខូចខាតនៅមិនទាន់ដឹងកម្រិតណានៅឡើយទេ? ឬមានការលួចទិន្នន័យ ឬអត់នោះដែរ...? កងទ័ពអាកាសអាម៉េរិកបានបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីស្ថានភាពសន្តិសុខ ឬចំណុចខ្សោយនៃប្រព័ន្ធនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនកំពុងការពារព័ត៌មាន និងអនុវត្តបេសកកម្មជាប់ជានិច្ច។ ការវាយប្រហារនេះ បានបង្កឱ្យមានផលប៉ះពាល់មួយចំនួនដូចជា ការផ្លាស់ប្ដូរកម្មវិធី back-office ទៅកាន់ Cloud One ត្រូវបានផ្អាក, ការធ្វើបច្ចុប្បន្នភាពកម្មវិធីត្រូវបានរារាំង ដែលធ្វើឱ្យពិបាកក្នុងការជួសជុលចំណុចខ្សោយសូហ្វវែរថ្មីៗ (software) ហើយអ្នកប្រើប្រាស់មួយចំនួនត្រូវបានដកសិទ្ធិជាអ្នកគ្រប់គ្រង។

តើ Cloud One ជាអ្វី? សូមជម្រាបថា Cloud One ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដើម្បីប្រមូលផ្តុំការប្រើប្រាស់ IT របស់កងទ័ពអាកាសនៅកន្លែងតែមួយ ដោយប្រើធនធានពីក្រុមហ៊ុនធំៗទាំង៤ គឺ Microsoft, Amazon, Oracle និង Alphabet។ វេទិកានេះដំណើរការកម្មវិធីសំខាន់ៗជាច្រើន ដូចជា៖ ការគ្រប់គ្រងទិន្នន័យបុគ្គលិក ប្រាក់បៀវត្សរ៍ ភស្តុភារ និងការថែទាំ, ប្រមូលទិន្នន័យរ៉ាដាការពារដែនអាកាសនៅទូទាំងអាម៉េរិកខាងជើង, តាមដានគ្រាប់បែក និងមីស៊ីលនៅទីតាំងកងទ័ពអាកាសអាម៉េរិកជាង២០០កន្លែងជុំវិញពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត