
រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងបដិសេធជាផ្លូវការ ថា អង្គភាពជំនាញ ក៏ដូចជាក្រសួងមហាផ្ទៃ ពុំមានគោលការណ៍ ឬច្បាប់កំណត់ឱ្យផលិត«បណ្ណបច្ចេកទេស» ដើម្បីបិទលើបំពង់ពន្លត់អគ្គិភ័យ និងតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃសេវានោះឡើយ...។

តាមរយៈផេកផ្លូវការរបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ ពុំដែលមានគោលការណ៍ណា ឬច្បាប់កំណត់ឱ្យផលិតបណ្ណដូចមានក្នុងរូបខាងក្រោម សម្រាប់់ឱ្យអង្គភាពនគរបាលបង្ការអគ្គិភ័យរាជធានី-ខេត្ត យកទៅប្រើប្រាស់ ឬបិតបំពង់ពន្លត់អគ្គិភ័យជូនម្ចាស់សំណង់ ឬគោលដៅ ជាថ្នូក្នុងការឱ្យផ្ទះ ឬម្ចាស់សំណង់ និងគោលដៅបង់ថ្លៃសេវានោះទេ។ នាយកដ្ឋានបន្តថា ចំពោះលេខ ១១៧ នៅលើបណ្ណនោះ គឺសម្រាប់់ប្រជាពលរដ្ឋរងនូវបទល្មើសឆក់ប្លន់ ប្រើប្រាស់អំពើហិង្សា លួចទ្រព្យសម្បត្តិផ្សេងៗប៉ុណ្ណោះ។ដោយឡែក សម្រាប់លេខ Hotline ១១៨ ឬឆានែលតេឡេក្រាម ១១៨ ជាលេខរបស់អង្គភាពនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រជាពលរដ្ឋរាជធានី-ខេត្ត ជួបគ្រោះអគ្គិភ័យ មិនអាចគ្រប់គ្រងបាន។

យ៉ាងណា ការចេញមកបញ្ជាក់ជំហរយ៉ាងច្បាស់លាស់នេះ ធ្វើឡើងបន្ទាប់ពីមានជនខិលខូចមួយចំនួន បានលួចបន្លំផលិតបណ្ណបច្ចេកទេសក្លែងក្លាយ និងយកឈ្មោះមន្ត្រីជំនាញទៅដើរចែកចាយ ឬបង្ខំឱ្យម្ចាស់លំនៅឋាន និងម្ចាស់ទីតាំងអាជីវកម្ម ទិញបណ្ណទាំងនោះ ព្រមទាំងទារប្រាក់ថ្លៃសេវាដោយខុសច្បាប់។ ជុំវិញបញ្ហាខាងលើ ការីនិពន្ធអង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺបន្ថែមពី លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តាមប្រព័ន្ធតេលេក្រាម នៅព្រឹកថ្ងៃទី២៧វិច្ឆិកានេះ អំពី វិធានការស្រាវជ្រាវ យ៉ាងណានោះ ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ គិតត្រឹមម៉ោងផ្សាយនេះ៕



