ចំណតរថយន្តឯកជន និងការលក់ដូរគ្មានសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ នៅតែបន្តកើតមាន ខណៈចំណាត់ការអាជ្ញាធរ ហាក់បង្ក្រាបបានតែមួយឆាវៗ
ហាក់ អ៊ីឌី
•
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ បញ្ហាការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ និងចំណតរថយន្តឯកជនយ៉ាងអនាធិបតេយ្យ នៅជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅតែបន្តកើតមាន ដោយគ្មានការថមថយឡើយ។ បញ្ហានេះ បានបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសរថយន្តសង្គ្រោះបន្ទាន់ ដែលត្រូវដឹកជញ្ជូនកុមាររងគ្រោះ ចេញ-ចូលមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។

តាមរយៈការចុះសង្កេតមើលផ្ទាល់របស់សហការីអង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅតាមបណ្ដោយផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ គឺមានក្រុមអាជីវករលក់ដូរចល័ត តូបលក់ចំណីអាហារ និងរទេះរុញជាច្រើន បានដាក់តាំងលក់ពាសពេញចិញ្ចើមផ្លូវ។ លើសពីនេះទៅទៀត ក្រុមអ្នករៀបចំចំណតរថយន្តឯកជនមួយចំនួន បានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈធ្វើជាទីតាំងចតរថយន្តជាជួរៗ ទំនងជាដើម្បីទទួលយកកម្រៃ ដែលធ្វើឱ្យផ្ទៃផ្លូវរួមតូចយ៉ាងខ្លាំង និងបង្កជាការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋ និងអាណាព្យាបាលដែលនាំកូនមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យខាងលើ បានលើកឡើងស្រដៀងៗគ្នាថា ស្ថានភាពរញ៉េរញ៉ៃនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យខ្ពស់ដល់អ្នកថ្មើរជើង ដែលត្រូវបង្ខំចិត្តដើរចុះមកលើផ្លូវ ប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្ថិតនៅទីនោះ អះអាងថា នៅជុំវិញមន្ទីរពេទ្យនេះ កកស្ទះចរាចរណ៍កាន់តែខ្លាំង នៅរៀងរាលពេលល្ងាច ពិសេសអំឡុងម៉ោងគេចេញពីធ្វើការងារ ដែលសម្បូរឡានម៉ូតូច្រើន ហើយគួបផ្សំការលក់ដូរ និងការចតយានយន្តលើចិញ្ចើមផ្លូវផងដែរ។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺនៅពេលមានករណីសង្គ្រោះបន្ទាន់ រថយន្តសង្គ្រោះ (Ambulance) តែងជួបការលំបាកក្នុងការបើកបរចេញ-ចូល ដោយសារជាប់គាំងនឹងរថយន្តឯកជនដែលចតបាំងផ្លូវ និងរទេះលក់ដូរទាំងនោះ។

កន្លងមក អាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក និងសង្កាត់ទឹកល្អក់ទី១ ក៏ធ្លាប់បានចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំជាញឹកញាប់ដែរ។ ប៉ុន្តែ ចំណាត់ការទាំងនោះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាធ្វើឡើងបានត្រឹម «មួយចម្អិនកំពឹស» ប៉ុណ្ណោះ ពោលគឺនៅពេលមានកម្លាំងសមត្ថកិច្ចចុះមក ក្រុមអាជីវករ និងអ្នកគ្រប់គ្រងចំណតរថយន្តឯកជន ក៏នាំគ្នារើចេញមួយភ្លែត លុះពេលអាជ្ញាធរដកថយផុត សកម្មភាពលក់ដូរ និងការយកផ្លូវសាធារណៈធ្វើជាចំណតរថយន្តឯកជន ក៏ត្រឡប់មករកសភាពដើមវិញភ្លាមៗ ដោយគ្មានការតាមដាន និងអនុវត្តវិធានការរដ្ឋបាលឱ្យមានប្រសិទ្ធភាពឡើយ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មេត្តាដាក់ចេញវិធានការតឹងរ៉ឹង និងមានភាពម៉ឺងម៉ាត់ជាប់ជាប្រចាំ ដោយមិនគួរធ្វើឡើងតែមួយឆាវៗនោះទេ ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណៈ ធានាបាននូវសុវត្ថិភាពចរាចរណ៍ និងសម្រួលដល់ការដឹកបញ្ជូនកុមារចូលទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាធម្មតា អ្នកលក់ដូរ និងអ្នករៀបចំចំណតយានយន្ត មានសិទ្ធិ តែមិនត្រូវធ្វើលើចិញ្ចើមផ្លូវសាធារណៈនោះទេ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ចរាចរណ៍ ពិសេសការដឹកកុមារជាអ្នកជំងឺចេញចូលមន្ទីរពេទ្យជាប្រចាំថ្ងៃ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត