
ក្រុងបាត់ដំបង៖ អាយុ៦៣ឆ្នាំ ជាវ័យដែលមនុស្សចាស់ភាគច្រើននាំគ្នាចូលវត្តកាន់សីល៥ ចាំសីល៨ ស្វែងរកពន្លឺព្រះធម៌ជាទីពឹងទៅកាន់ជាតិខាងមុខ ប៉ុន្តែលោកតាម្នាក់នេះ បែរជាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួន បន្ទាប់ពីរកឃើញថា លួចលាក់ជួញដូរចែកចាយសារធាតុញៀនខុសច្បាប់ ខណៈអជ្ញាធររឹបអូសវត្ថុតាងថ្នាំញៀនបាន រហូតដល់ទៅ១៦២ថង់ឯណោះ...។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ធ្វើការតាមដានស្រាវជ្រាវលើមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន រហូតឈានដល់ការចាប់ខ្លួនជនល្មើសម្នាក់ឈ្មោះ មាស សាម៉ន មានអាយុរហូតដល់៦៣ឆ្នាំទៅហើយ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម។

ទោះយ៉ាងណា ក្រៅពីការឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនចាស់វស្សាម្នាក់នេះ រួចមក សមត្ថកិច្ចបានបន្តធ្វើការដកហូតវត្ថុតាង-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកូនថង់ប្លាស្ទិក ចំនួន១៦២ថង់ សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន រួមទាំងសម្ភារមានតម្លៃមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យវ័យចំណាស់រូបនេះ រួមជាមួយវត្ថុតាង ត្រូវបាននាំខ្លួន និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕



