
ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន២០នាក់បានរងរបួស ក្នុងនោះស្ត្រី១៦នាក់ ក្នុងហេតុការណ៍រថយន្តដឹកដី បើករេចង្កូតបុករះថយន្តដឹកកម្មកររោងចក្រ១គ្រឿង និងរថយន្ត២គ្រឿងផ្សេងទៀត នៅលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាករណីនេះ បានកើតឡើងនៅល្ងាចម៉ោង៤កន្លះ ថ្ងៃទី២៧វិច្ឆិកា។ សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់ មានរថយន្តដឹកដីម៉ាក Nissan ពណ៌-ស បើកបរដោយបុរសម្នាក់ឈ្មោះ សុខ សំណាង អាយុ២២ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុករថយន្ត Lexus HS250H ពណ៌ខ្មៅ ហើយក៏បន្តទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក Isuzu និងរថយន្ត Nissan ពណ៌ស១គ្រឿងទៀត ដែលកំពុងដឹកកម្មកររោងចក្រ។ រថយន្តដឹកកម្មករ មានកម្មករសរុប៧៥នាក់ ក្នុងនោះស្ត្រី៧៤នាក់។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា មូលហេតុបឋមនៃគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តដឹកដី មិនបានបន្ថយល្បឿន និងមានការធ្វេសប្រហែសក្នុងការបើកបរ បង្កឱ្យមានការខូចខាតរថយន្ត និងទ្រព្យសម្បត្តិ ព្រមទាំងមនុស្ស២០នាក់រងរបួស ក្នុងនោះស្ត្រី១៦នាក់។ ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរព្យាបាល និងបានយករថយន្តពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



