កម្ពុជាកាន់តែគ្រោះថ្នាក់! ថៃ ត្រៀមបំពាក់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS របស់អាម៉េរិក
ហៀប ស៊ីថេត
•
2 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រទេសថៃ គ្រោងចំណាយថវិការហូតដល់១២៣លានដុល្លារអាម៉េរិក (ឬប្រមាណ៤ពាន់លានបាត) ដើម្បីទិញប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតចល័តល្បឿនលឿន HIMARS ពីសហរដ្ឋអាម៉េរិក។ នេះគឺជាចំណុចដ៏សំរសើបមួយ ក្នុងចំណោមកញ្ចប់កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ និងពាណិជ្ជកម្មសរុបជាង១៧ពាន់លានដុល្លារ ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសជាមួយប្រទេសអាស៊ានចំនួន៥ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាននៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦...។

យោងតាមការបញ្ជាក់របស់សេតវិមាន ប្រសិនបើការលក់ប្រព័ន្ធរ៉ុក្កែត HIMARS នេះដំណើរការទៅមុខដោយជោគជ័យ នោះប្រទេសថៃ នឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលបានបំពាក់ប្រព័ន្ធកាំភ្លើងធំបាញ់រ៉ុក្កែតដ៏ទំនើប និងមានឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក។ ក្រៅពីគម្រោងទិញសព្វាវុធនេះ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) និងលោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដាច់ដោយឡែកមួយ ស្តីពីពាណិជ្ជកម្មផងដែរ។ ភាគីទាំង២ បានឯកភាពគ្នាលើខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ដោយនៅរង់ចាំតែការបំពេញនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន មុននឹងឈានដល់ការចុះហត្ថលេខាដាក់ឱ្យចូលជាធរមាន។

ទន្ទឹមនឹងការពង្រឹងសាច់ដុំយោធារបស់ថៃ សហរដ្ឋអាម៉េរិក ក៏បានសម្រេចកិច្ចព្រមព្រៀងធំៗជាច្រើនទៀតជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយរដ្ឋធានីម៉ានីល និងវ៉ាស៊ីនតោន នឹងស្វែងរកប្រាក់កម្ចីរបស់សហរដ្ឋអាម៉េរិកជាង២ពាន់លានដុល្លារ សម្រាប់ទិញសព្វាវុធការពារជាតិអាម៉េរិក បូករួមនឹងជំនួយឥតសំណងចំនួន៤០០លានដុល្លារ ដើម្បីគាំទ្រប្រតិបត្តិការយោធាហ្វីលីពីន នៅសមុទ្ទចិនខាងត្បូង។ ក្រៅពីនេះ ក៏មានការសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈ តម្លៃ៤០លានដុល្លារនៅឈូងសមុទ្ទ Subic Bay និងការធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានបាស្កូ (Basco) នៅភាគខាងជើងហ្វីលីពីន ដើម្បីពង្រឹងការចល័តយោធា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានបញ្ជាទិញយន្តហោះ Boeing 787-10 Dream liners ចំនួន១៥គ្រឿង រួមជាមួយម៉ាស៊ីនយន្តហោះ GE Aerospace ដែលមានតម្លៃសរុបរហូតដល់១២ពាន់លានដុល្លារ។

ទន្ទឹមគ្នា ក្រុមហ៊ុនអាម៉េរិក Latitude Energy កំពុងចរចាជាមួយមូលនិធិឥណ្ឌូណេស៊ី ដាណន់តារា (Danantara) លើគម្រោងអភិវឌ្ឍធនធានធ្យូងថ្មតម្លៃ២ពាន់លានដុល្លារផងដែរ។ ចំណែក ឯក្រុមហ៊ុន Navajo Transitional Energy Company បានចុះកិច្ចសន្យាផ្គត់ផ្គង់ធ្យូងថ្មរយៈពេល៣ឆ្នាំ តម្លៃ១០០លានដុល្លារ ដល់ក្រុមហ៊ុនអគ្គិសនីជាតិម៉ាឡេស៊ី។ សហរដ្ឋអាម៉េរិក ក៏បានផ្តល់ជំនួយ៥០លានដុល្លារ ដល់ប្រទេសម៉ាឡេស៊ី អភិវឌ្ឍប្រព័ន្ធ AI ខណៈប្រទេសប្រ៊ុយណេ គ្រោងប្រគល់កិច្ចសន្យាសាងសង់មជ្ឈមណ្ឌលទិន្នន័យ Rimba ទៅឱ្យក្រុមហ៊ុនអាម៉េរិក Vertiv ដោយបញ្ជាទិញទំនិញ និងសេវាកម្មពីអាម៉េរិកតម្លៃជិត១ពាន់លានដុល្លារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត