យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបពិភាក្សាគ្នាក្រៅផ្លូវការជុំវិញបញ្ហាទើបកើតឡើង ជំរុញការអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាព
S
Soriya Sou
•
10 ម៉ោងមុន

ក្រុងសំរោង៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំគ្នាក្រៅផ្លូវការ កម្រិតក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងគ្នាឱ្យមានប្រសិទ្ធភាព។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃដដែល...។

ភាគីកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន (RBC) ខណៈភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន (RBC) ថៃ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះ រួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួម សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរ ត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ទោះមិនបញ្ជាក់ថា បញ្ហាដែលទើបកើតឡើងនោះជារឿងអ្វី តែគេបានដឹងថា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ចូលជាធរមានកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានបន្តរុករានឈ្លានពានអធិបតេយ្យកម្ពុជា តាមបណ្ដោយព្រំដែនមិនព្រមឈប់។រឿងរ៉ាវថ្មីៗនេះ ពោលកាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ ប្រាផាស សនចៃឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី២១វិច្ឆិកា កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២វិច្ឆិកា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ានផងដែរនោះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងមានភាពស្មោះត្រង់ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត