ប្រជាជនថៃធ្លាប់ទាមទារឱ្យបង្ក្រាប តែនៅតែជាបញ្ហាធំដដែល! គ្រឿងញៀនដ៏សន្ធឹកជាង៨លានគ្រាប់ ត្រូវឧក្រិដ្ឋជនលួចដឹកជញ្ជូនក្នុងពេលយប់
Mao Sopha
•
15 ម៉ោងមុន

រាជធានីបាងកក៖ ប៉ូលិសថៃ បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង៨លានគ្រាប់ឯណោះ លាក់ទុកក្នុងការុងជីចំនួន៣២ការុង ដែលត្រូវលួចដឹកតាមថយន្ត១គ្រឿង។ ប៉ូលិស រកឃើញគ្រឿងញៀនទាំងនេះ បន្ទាប់ពីអ្នកបើកបរ បានលោតចេញពីរថយន្ត និងរត់គេចខ្លួន ហើយរថយន្តនោះ ក៏បន្តទៅបុករថយន្តប៉ូលិសនៅប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងញៀន ក្នុងតំបន់ទីរួមស្រុក នៃខេត្តពេជ្របូរណ៍ (Phetchabun) កាលពីម៉ោង៩កន្លះយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

សារព័ត៌មានថៃ ខាវសត ផ្សាយថា រថយន្ត១គ្រឿង បានបើកមកជិតដល់ចំណុចត្រួតពិនិត្យ ហើយអ្នកបើកបរ ក៏បើកទ្វារលោតចេញពីរថយន្ត រត់គេចខ្លួនបាត់ ដោយទុកឱ្យរថយន្តនោះ បន្តទៅបុករថយន្តរបស់ប៉ូលិស។ ក្រោយកើតហេតុ ប៉ូលិស បានចូលត្រួតពិនិត្យរថយន្ត និងរកឃើញថ្នាំញៀនលាក់ក្នុងការុងជីទាំងនោះ។ មន្រ្តីប៉ូលិស អះអាងថា ប៉ុស្តិ៍ត្រួតពិនិត្យនេះ ទើបនឹងបើកដំណើរការមិនទាន់ដល់៣០នាទីផង ស្រាប់តែពេលនោះ រថយន្តដឹកគ្រឿងញៀននេះក៏មកដល់ ក្នុងទិសដៅធ្វើដំណើរពីតំបន់វ៉ាងជម្ពូ (Wang Chomphu) ឆ្ពោះទៅស្រុកណងផៃ (Nong Phai)។

ប៉ូលិស កំពុងតាមស្វែងរកអ្នកបើកបរដែលរត់គេចខ្លួន និងពង្រីកការស៊ើបអង្កេតទៅលើបណ្តាញពាក់ព័ន្ធផ្សេងទៀត។ សូមជម្រាបថា គ្រឿងញៀន និងអំពើឆបោកតាមអនឡាញ កំពុងក្លាយជាបញ្ហាធំក្នុងសង្គមថៃ។ កន្លងមក ប្រជាជនថៃ ធ្លាប់នាំគ្នាចេញធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាជាច្រើន ដូចជា ខ្វះការងារធ្វើ ប្រាក់ខែមិនឡើង និងទំនិញឡើងថ្លៃ ជាដើម ហើយក្នុងនោះ គ្រឿងញៀន និងបទល្មើសឆបោកតាមអនឡាញ ក៏ក្លាយជាប្រធានបទធំ ដែលក្រុមបាតុករស្នើទៅរាជរដ្ឋាភិបាលខ្លួនឱ្យដោះស្រាយផងដែរ។ សារព័ត៌មានថៃ ចុះផ្សាយជាញឹកញាប់អំពីករណីបង្ក្រាបគ្រឿងញៀន និងអំពើឆបោកតាមអនឡាញ ដែលកើតមានជាប់ជាហូរហែ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត