
រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជិត៥ឆ្នាំមកនេះ កំពុងធ្វើឱ្យក្រុមអ្នកជំនាញរបស់អ៊ុយក្រែន បង្កើតគ្រឿងសព្វាវុធប្លែកៗ យកទៅអនុវត្ដជាក់ស្ដែង នៅលើសមរភូមិ និងបានបង្រៀនមេរៀនជាច្រើនដល់ពិភពលោក ខណៈបច្ចុប្បន្នអ៊ុយក្រែន បានឈានជើងទៅមុខមុនគេមួយជំហានទៀត ផលិតប្រព័ន្ធអាវុធឡាស៊ែរ បាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ឬដ្រូនរុស្ស៊ី...។

សារព័ត៌មានហុងកុង Asia Times បានចេញផ្សាយនៅថ្ងៃសុក្រទី២៧ ខែវិច្ឆិកានេះថា ការប្រើប្រាស់ប្រព័ន្ធអាវុធឡាស៊ែរ សម្រាប់បាញ់ទម្លាក់គោលដៅនានា នៅក្នុងប្រទេសអ៊ុយក្រែន បានបើកផ្លូវទៅរកការពិចារណាឡើងវិញ អំពីដែនកំណត់នៃអាវុធថាមពលតម្រង់ទិស (directed-energy weapons) ការកើនឡើងនៃការប្រើប្រាស់មីស៊ីល និងឥទ្ធិពលរបស់មហាអំណាច នៅក្នុងជម្លោះអូសបន្លាយដ៏យូរមួយនេះ។ បណ្តាញសារព័ត៌មានជាច្រើន រាយការណ៍ថា លោក ស៊ើហ៊ីអ៊ី ផ្លាស បេសក្រេស្ដណូវ (Serhii “Flash” Beskrestnov) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លើកឡើងថា អ៊ុយក្រែន បានបង្កើតកំណត់ត្រាថ្មីមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអាវុធឡាស៊ែរ ដើម្បីស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនវាយប្រហារប្រភេទ Geran របស់រុស្ស៊ី ដែលប្រើប្រាស់ម៉ាស៊ីនយន្ដហោះ។ អាវុធឡាស៊ែរនេះ អភិវឌ្ឍឡើងដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិអ៊ុយក្រែន Carmine Sky ក្រោមកម្មវិធីការពារដែនអាកាសរដ្ឋ-ឯកជន ជាមួយការគាំទ្រពីក្រុមហ៊ុនអភិវឌ្ឍន៍វិស័យការពារជាតិ Brave1។

អាវុធឡាស៊ែរ Blysk ៤គីឡូវ៉ាត់ ត្រូវបានដាក់ពង្រាយកាលពីដើមខែវិច្ឆិកា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដោយរាប់បញ្ចូលទាំងតំបន់ជុំវិញរដ្ឋធានីកៀវ ដោយវាអាចប្រតិបត្ដិការរហូតដល់ចម្ងាយ១គីឡូម៉ែត្រ។ អាវុធឡាស៊ែរនេះ បានរចនាឡើង ដើម្បីតម្រង់គោលដៅទៅលើចំណុចជាក់លាក់មួយ និងធ្វើឱ្យគ្រឿងបន្លាស់ខាងក្នុង ឡើងកម្ដៅខ្លាំង នៅក្នុងអំឡុងពេលហោះហើរ។ អាវុធប្រភេទ Blysk នេះប្រើប្រាស់អគ្គិសនីដែលមានតម្លៃថោក ជាងមីស៊ីលស្ទាក់ចាប់ ឬកាំភ្លើងយន្ត។ ទោះជាយ៉ាងណាក៏ដោយ ការបំផ្លាញតួដ្រូនវាយប្រហារ (strike drone) ត្រូវការរយៈពេលត្រឹមតែប៉ុន្មានវិនាទី ខណៈដ្រូនប្រភេទ FPV (ដ្រូនដែលអ្នកបញ្ជាមើលឃើញតាមរយៈកាមេរ៉ាផ្ទាល់) មានទំហំតូចជាង អាចត្រូវបានបំផ្លាញនៅក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ៕




