
រដ្ឋធានីប៉ារីស៖ ប្រទេសស្វីស អាចទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងយោធាកាន់តែទំនើប ប្រសិនបើខ្លួនជ្រើសរើសយកប្រព័ន្ធការពារដែនអាកាស SAMP/T NG ដែលជាការផលិតរួមគ្នារវាងបារាំង និងអ៊ីតាលី។ នេះបើយោងតាមការដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី ខាធើរីន វួទ្រីន (Catherine Vautrin) នៅថ្ងៃសុក្រទី២៧ ខែវិច្ឆិកា។

លោកស្រី វួទ្រីន ប្រាប់កាសែត Neue Zuercher Zeitung របស់ស្វីសថា៖«ការទិញប្រព័ន្ធ SAMP/T NG នឹងអនុញ្ញាតឱ្យស្វីសកសាងសមត្ថភាពថែទាំចាំបាច់ នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដូច្នេះ វានឹងធានាបាននូវស្វ័យភាពប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេលវែង»។ លោកស្រីបន្ថែមថា ការដឹកជញ្ជូនប្រគល់ប្រព័ន្ធនេះ អាចចាប់ផ្តើមបានយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៩ អាស្រ័យលើពេលវេលាដែលស្វីសធ្វើការសម្រេចចិត្ត។ សូមជម្រាបថា ស្វីស កំពុងពិចារណាទាំងលើប្រព័ន្ធ SAMP/T NG ផលិតដោយសម្ព័ន្ធក្រុមហ៊ុន Eurosam របស់បារាំង-អ៊ីតាលី និងប្រព័ន្ធ Barak MX របស់អ៊ីស្រាអែល ខណៈប្រទេសអឺរ៉ុបនេះ កំពុងស្វែងរកការទិញប្រព័ន្ធការពារដែនអាកាសបាញ់ពីដីទៅអកាសថ្មីមួយ។ ស្វីសបានបញ្ជាក់ថា ខ្លួនមានគោលបំណងសម្រេចចិត្តជ្រើសរើសប្រព័ន្ធនេះ នៅដើមឆ្នាំ២០២៧ ដែលប្រព័ន្ធថ្មីនេះ នឹងត្រូវប្រើប្រាស់បំពេញបន្ថែមលើផែនការរបស់ស្វីស ក្នុងការទិញប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក។

លោកស្រី វួទ្រីន លើកឡើងថា ប្រព័ន្ធ SAMP/T ជំនាន់មុន បានបង្ហាញប្រសិទ្ធភាពរួចមកហើយនៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីបន្ថែមថា ប្រព័ន្ធ SAMP/T NG នឹងត្រូវការការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលអនាគត ដូចជាការបំពាក់ឧបករណ៍ចាប់សញ្ញាថ្មីៗ ដែលកត្តានេះ អាចបង្កើតឱកាសសក្តានុពលសម្រាប់ក្រុមហ៊ុននានារបស់ស្វីស។ រដ្ឋមន្ត្រីការពារជាតិបារាំងរូបនេះ បានថ្លែងថា៖«ក្នុងបរិបទនេះ វាពិតជាអាចទៅរួចទាំងស្រុងដែលប្រទេសស្វីស មានវិស័យឧស្សាហកម្មប្រកបដោយសមត្ថភាពខ្ពស់ អាចចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពថ្មីៗទាំងនេះ»។ ជាចុងក្រោយ លោកស្រី វួទ្រីន (Vautrin) ក៏បានបញ្ជាក់ផងដែរថា បារាំង និងស្វីស នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីគោលបំណងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យអវកាស៕




