លន បញ្ញា និង ឈុត សេរីវាន់ថង តើនរណាមានភាគរយឈ្នះខ្សែក្រវាត់នៅ K-1 ខ្ពស់ជាង?
Chanmarady Chuon
•
2 ម៉ោងមុន

គុនខ្មែរ៖ បន្ទាប់ពីស្ថាប័ន K-1 ប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ ដោយឱ្យអ្នកលេងគុនខ្មែររហស្សនាមគ្រូម៉ៅចាប់ខ្មោច លន បញ្ញា ឡើងប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក K-1 World MAX Championship 8-Man Tournament នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ រួមជាមួយការត្រៀមខ្លួនរបស់រ៉ាហ៊ូមាស ឈុត សេរីវាន់ថង ដែលនឹងត្រូវឡើងដណ្ដើមខ្សែក្រវាត់ K-1 ដែរ នៅខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ មហាជន និងអ្នកគាំទ្រប្រដាល់ បានចោទជាសំណួរយ៉ាងផុសផុលថា រវាងកំពូលអ្នកប្រដាល់គុនខ្មែរទាំងពីររូបនេះ តើនរណាមានភាគរយឈ្នះខ្សែក្រវាត់ខ្ពស់ជាង?

ប្រសិនបើវិភាគទៅលើរូបមន្តនៃការប្រកួត និងលក្ខខណ្ឌជាក់ស្ដែងនៅលើសង្វៀន K-1 របស់ប្រទេសជប៉ុន គេអាចមើលឃើញពីឱកាសភាគរយនៃការឈ្នះខ្សែក្រវាត់របស់ ឈុត សេរីវាន់ថង ហាក់មានប្រៀបជាងបន្តិច ត្រង់ថា រូបគេឡើងសង្វៀនវាយកាត់សេចក្ដីតែ១ប្រកួតគត់ បើឈ្នះ គឺបានគ្រងខ្សែក្រវាត់ពិភពលោក K-1 ភ្លាមៗ។ ការប្រកួតតែម្ដងបែបនេះ អនុញ្ញាតឱ្យអ្នកលេងគុនខ្មែរមកពីខេត្តបាត់ដំបង អាចប្រមូលផ្ដុំកម្លាំងកាយសម្បទា និងរៀបចំយុទ្ធសាស្ត្រផ្ដោតលើគូប្រកួតតែម្នាក់គត់ យ៉ាងពេញទំហឹង ដោយមិនបាច់ព្រួយបារម្ភរឿងអស់ស៊ុហ្វសម្រាប់វគ្គបន្ទាប់ឡើយ។ ប៉ុន្តែភាពលំបាករបស់គេ គឺស្ថិតនៅត្រង់ថា ឱកាសមានតែម្ដងគត់ បើភ្លាត់ស្នៀតតែបន្តិច គឺរបូតខ្សែក្រវាត់ភ្លាម ហើយគូប្រជែងដែលស្ថាប័នជប៉ុនត្រៀមដាក់ឱ្យជួប សុទ្ធសឹងជាជើងខ្លាំងកំពូលប្រចាំប្រភេទទម្ងន់។

ដោយឡែក សម្រាប់កីឡាករ លន បញ្ញា វិញ បេសកកម្មរបស់គេមានភាពស្មុគស្មាញ និងលំបាកខ្លាំងជាង ព្រោះជាការប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងទម្រង់ 8-Man Tournament វាយដងក្នុងមួយប្រកួត។ ទោះបីជា លន បញ្ញា អាចផ្ដួលគូប្រជែងក្នុងវគ្គជម្រុះជុំទី១ នាចុងខែធ្នូនេះ បានក៏ដោយ ក៏រូបគេមិនទាន់ទទួលបានខ្សែក្រវាត់ភ្លាមៗដែរ ពោលគឺត្រូវប្រកួតបន្តចំនួន២ប្រកួតបន្ថែមទៀត (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ) ហើយទាល់តែឈ្នះទាំងអស់ ទើបអាចគ្រងខ្សែក្រវាត់ពិភពលោកនេះបាន។ ការវាយឆ្លងកាត់ដល់ទៅ៣ដំណាក់កាល ទាមទារឱ្យ លន បញ្ញា ត្រូវមានកម្លាំងស៊ុហ្វរឹងមាំបំផុត ភាពឆ្លាតវៃក្នុងការការពារខ្លួនកុំឱ្យមានរបួសធ្ងន់ធ្ងរ ដែលរូបគេត្រូវជួបសុទ្ធតែជើងខ្លាំងមកពីអន្តរទ្វីប។

ដូច្នេះ បើធៀបលើផ្លូវដើរឆ្ពោះទៅរកខ្សែក្រវាត់ ឈុត សេរីវាន់ថង មានភាគរយខ្ពស់ជាងដោយសារ ប្រកួតតែម្ដងកាត់សេចក្ដី ខណៈ លន បញ្ញា ត្រូវហែលឆ្លងឧបសគ្គដល់ទៅ៣លើក ទើបបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រគុនខ្មែរនៅតែជឿជាក់យ៉ាងមុតមាំលើសមត្ថភាព ឆន្ទៈ និងស្នៀតប្រយុទ្ធរបស់កំពូលអ្នកប្រដាល់កម្ពុជា ទាំងពីររូប ថាពួកគេនឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មី នាំយកខ្សែក្រវាត់ K-1 ពីប្រទេសជប៉ុន មកជូនជាតិមាតុភូមិបានមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត