ពេជ្រ សម្បត្តិ អាចនឹងខកខានទៅសង្វៀន K-1 បើចុះកុងត្រាជាមួយស្ថាប័នប្រដាល់ BYON COMBAT របស់ឥណ្ឌូណេស៊ី
Chanmarady Chuon
•
30 កញ្ញា 2026 01:30 PM

គុនខ្មែរ៖ អ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណឹងដែលក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវចេញទៅប្រកួតនៅលើសង្វៀនអន្តរជាតិមួយណាឱ្យប្រាកដ សម្រាប់ព្រឹត្តិការណ៍ធំចុងឆ្នាំ២០២៦នេះ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានគម្រោងបញ្ជូនរូបគេទៅអមការប្រកួតរបស់ លន បញ្ញា នៅសង្វៀន K-1 ប្រទេសជប៉ុន ប៉ុន្តែស្ថាប័នប្រដាល់ឥណ្ឌូណេស៊ី BYON COMBAT ក៏បាននិងកំពុងបង្ហាញបំណងចង់បាន ក្របីព្រៃ ពេជ្រ សម្បត្តិ ទៅប្រកួតដណ្ដើមខ្សែក្រវាត់ 8 Man World Grand Prix ក្នុងខែធ្នូដូចគ្នា ធ្វើឱ្យដំណឹងនៃការចេញទៅប្រកួតអន្តរជាតិលើកនេះ ស្ថិតក្នុងភាពស្រពេចស្រពិល…។

ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ K-1 World Max 2026 Championship នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយស្ថាប័ន K-1 Japan បានរៀបចំការប្រកួតកីឡាករខ្មែរមួយ ឬ២រូបបន្ថែមទៀត អមការប្រកួតដណ្តើមខ្សែក្រវាត់ 8 Man ដែលកីឡាករ លន បញ្ញា ជាបេក្ខភាពទៅដណ្តើម។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហោះសំណេរភ្ជាប់ជាមួយរូបភាពរបស់ក្របីព្រៃ ពេជ្រ សម្បត្តិ និងកីឡាករ ឌីម សារុំ ធ្វើឱ្យមហាជនដាក់ក្ដីរំពឹងខ្ពស់ថា អ្នកទាំងពីរច្បាស់ជាចេញទៅប្រកួតជាមួយ លន បញ្ញា ក្នុងថ្ងៃតែមួយមិនខាន។

យ៉ាងណា មេស្ថាប័ន BYON COMBAT របស់ប្រទេសឥណ្ឌូណេស៊ី ឯណោះវិញ ក៏បានបង្ហោះផុស្ទ័រ (Poster) ភ្ជាប់ដោយរូប ពេជ្រ សម្បត្តិ ដែរ ដោយបញ្ជាក់ថា ក្របីព្រៃ ជាបេក្ខភាពប្រកួតដណ្ដើមខ្សែក្រវាត់ 8 Man BYON WORLD GRANDPRIX នៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខ ជាលក្ខណៈពិសេស(Special Fight) ដោយមិនចាំបាច់ធ្វើការប្រកួតវគ្គជម្រុះឡើយ ខណៈបេក្ខជនទាំង៧នាក់ផ្សេងទៀត សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង និងឆ្លងកាត់ការត្រួតពិនិត្យសមត្ថភាព ការប្រកួតជម្រុះយកអ្នកឈ្នះឡើងមកជាបេក្ខជនផងដែរ។ បច្ចុប្បន្ន មានកីឡាករ៥នាក់ ត្រូវបានជ្រើសរើសរួចរាល់ហើយ ដោយនៅសល់កីឡាករ៦នាក់ផ្សេងទៀត កំពុងប្រកួតជម្រុះយកអ្នកឈ្នះ៣នាក់ ឡើងមកបង្គ្រប់កៅអី៨នាក់ នៃព្រឹត្តិការណ៍8 Man។

ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗនេះ លោក ពេជ្រ សុផាន់ គ្រូបង្វឹកកីឡាករ ពេជ្រ សម្បត្តិ បានលើកឡើងថា ស្ថាប័ន BYON COMBAT ពិតជាបានទាក់ទងមកលោកស្នើសុំឱ្យក្របីព្រៃចូលរួមប្រកួត ដណ្ដើមខ្សែក្រវាត់ 8 Man BYON WORLD GRANDPRIX ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ី ពិតប្រាកដមែន តែការស្នើនោះ នៅមិនទាន់ជាផ្លូវការនៅឡើយទេ។ លោកគ្រូឆ្នើមរូបនេះ បន្តថា លោក រីករាយណាស់ដែលមានស្ថាប័នធំប្រចាំប្រទេសឥណ្ឌូណេស៊ី ចាប់អារម្មណ៍ពីគុនខ្មែរ តែលោកមិនសប្បាយចិត្តឡើយ ប្រសិនបើការស្នើនេះ ធ្វើឡើងតាមរយៈមេខ្យល់។ លោកសង្ឃឹមថា នឹងបានជួបគ្នាជាមួយមេស្ថាប័ន BYON COMBAT នៅដើមសប្ដាហ៍ក្រោយ ដើម្បីពិភាក្សា និងចុះកុងត្រាសម្រេចជាផ្លូវការ។

ដូច្នេះ ចំពោះព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំរបស់ក្របីព្រៃ នេះ នៅតែមានភាពស្រពេចស្រពិលនៅឡើយ ដ្បិតអី លោកប្រធានសហព័ន្ធ បានបង្ហោះរូប ពេជ្រ សម្បត្តិ ភ្ជាប់ជាមួយព្រឹត្តិការណ៍នៅសង្វៀន K-1 ហាក់កំពុងបង្ហាញឱ្យមហាជន បានឃើញថា សហព័ន្ធកីឡាប្រដាល់ កំពុងពិចារណាដាក់បេក្ខភាពកីឡាករគុនខ្មែរ ទៅតាមការចង់បានរបស់មហាជនដែលចង់ឃើញ ក្របីព្រៃ ពេជ្រ សម្បត្តិ ទៅប្រកួតនៅកម្មវិធី K-1 Japan ដ៏ពេញនិយម ខណៈស្ថាប័ន BYON COMBAT ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយ ដូច្នេះ សម្រាប់ ពេជ្រ សម្បត្តិ នៅមិនទាន់ដឹងថា ជ្រើសរើសយកសង្វៀនណាមួយឡើយ សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរកម្រិតអន្តរជាតិទាំងពីរស្ថាប័ននេះ។

  បេក្ខភាពផ្សេងទៀតបានចុះកុងត្រារួចរាល់ហើយ នៅឡើយតែ ពេជ្រ សម្បត្តិ ប៉ុណ្ណោះ  
  បេក្ខភាពផ្សេងទៀតបានចុះកុងត្រារួចរាល់ហើយ នៅឡើយតែ ពេជ្រ សម្បត្តិ ប៉ុណ្ណោះ  

តើជោគវាសនានៃការប្រកួតនៅក្រៅប្រទេសរបស់ក្របីព្រៃ ពេជ្រ សម្បត្តិ នាចុងឆ្នាំ២០២៦នេះ នឹងត្រូវសម្រេចយ៉ាងបែបនេះ បន្ទាប់ពីមានជំនួបពិភាក្សាជាមួយតំណាងស្ថាប័ន BYON COMBAT នៅដើមសប្ដាហ៍ក្រោយ? ប្រសិនបើការចរចាទទួលបានផ្លែផ្កា និងមានការឯកភាពគ្នារវាងភាគីទាំងពីរ ចុះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរកនរណាទៅប្រកួតជំនួស ពេជ្រ សម្បត្តិ នៅលើសង្វៀន K-1 ជប៉ុន ជាមួយ លន បញ្ញា។ មហាជន និងអ្នកគាំទ្រគុនខ្មែរ កំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃការចរចានៅសប្ដាហ៍ក្រោយ ថា K-1 ជប៉ុន ឬ BYON COMBAT ជាអ្នកមានសិទ្ធិដណ្តើមបាន ពេជ្រ សម្បត្តិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត