
គុនខ្មែរ៖ អ្នកលេងគុនខ្មែររហ័សនាមរាហ៊ូមាស ឈុត សេរីវ៉ាន់ថង កំពុងទទួលបានការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងក្ដៅគគុកពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីមានព័ត៌មានផ្លូវការថា រូបគេនឹងត្រូវឡើងប្រកួតនៅសង្វៀនកម្រិតអន្តរជាតិ K-1 នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នឹងមានឱកាសធ្វើជាគូអមដំណើរក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ជាមួយ«គ្រូម៉ៅចាប់ខ្មោច» លន បញ្ញា នៅចុងខែធ្នូ...។

យ៉ាងណា មុននឹងឈានទៅប្រកួតលើសង្វៀនដ៏ធំមួយនេះ បេក្ខភាពកីឡាករមកពីខេត្តបាត់ដំបងរូបនេះ ត្រូវប្រឈមមុខជាមួយកីឡាករជប៉ុន (立基) Riki ជាមុនសិន។ បើតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន K-1 នៅពីល្ងាចថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ភាគីខាងជប៉ុននឹងតម្រូវឱ្យកីឡាករ រីគគី Riki សម្រកទម្ងន់ចុះមកវាយក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដើម្បីតទល់ជាមួយអ្នកលេងកណ្តាប់ដៃផ្លេកបន្ទោរ រន្ទះជើងគ្មានស្រមោល «រាហ៊ូមាស ឈុត សិរីវ៉ាន់ថង»។

បើតាមប្រវត្តិរូប និងទិន្នន័យផ្លូវការរបស់ស្ថាប័ន K-1 កីឡាករ រីគគី មានឈ្មោះពិត និងដើមកំណើតនៅក្រុងស៊ូអ៊ីតា(Suit) ខេត្តអូសាកា (Osaka) ប្រទេសជប៉ុន (កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៦) មានអាយុ២៩ឆ្នាំ កម្ពស់១,៧២ម៉ែត្រ និងបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិប K-1 Gym Meguro TEAM TIGER។ រូបគេ គឺជាជើងខ្លាំងមួយរូបដែលសកម្មក្នុងព្រឹត្តិការណ៍ K-1 និង Krush ដោយធ្លាប់គ្រងជើងឯកការប្រកួត K-1 Amateur Challenge លើកទី៣០ (A-Class-60kg)។ ចំពោះកំណត់ត្រាប្រកួតអាជីពរបស់កីឡាករ រីគគី វិញ រូបគេធ្លាប់ឡើងប្រកួតសរុបចំនួន១៣លើក ក្នុងនោះ ឈ្នះ៧លើក (ផ្តួលគូប្រកួតឱ្យសន្លប់១លើក) និងចាញ់៦លើក ដោយមិនដែលស្មើឡើយ។

បើធៀបលើទិដ្ឋភាពរួម កីឡាករ រីគគី គឺជាអ្នកប្រដាល់មានបទពិសោធប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាមស្រាប់ និងមានស្ទីលវាយជំហរប្រដាល់សកល-ឃីកបុកស៊ីង ស្ដង់ដារ(Orthodox)។ ថ្វីបើកំណត់ត្រាឈ្នះចាញ់មិនលើសខ្វះគ្នាច្រើន ប៉ុន្តែការជួបជាមួយ «រាហ៊ូមាស ឈុត សេរីវ៉ាន់ថង» លើសង្វៀន K-1 លើកនេះ នឹងក្លាយជាការតស៊ូដ៏ស្រួចស្រាវ និងស្វិតស្វាញបំផុត។ អ្នកគាំទ្រគុនខ្មែរ កំពុងទន្ទឹងរង់ចាំមើលថា តើរាហ៊ូមាស ឈុត សេរីវ៉ាន់ថង អាចបង្កើតប្រវត្តិសាស្ត្រ និងយកឈ្នះកីឡាករម្ចាស់ផ្ទះជប៉ុនរូបនេះ លើកមុខមាត់គុនខ្មែរលើឆាកអន្តរជាតិ បានដែរឬយ៉ាងណា..?




