
គុនខ្មែរ៖ បន្ទាប់ពីមានការទម្លាយព័ត៌មាន សង្វៀនប្រដាល់កម្រិតពិភពលោក K-1 របស់ប្រទេសជប៉ុន ជ្រើសរើសកីឡាករកម្ពុជា ជាបេក្ខភាពក្នុងប្រភេទទម្ងន់៦០គីឡូក្រាមម្នាក់ ឱ្យចូលរួមប្រកួតវគ្គជម្រុះនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកកៅអីឡើងទៅដណ្ដើមខ្សែក្រវាត់ K-1 អន្តរជាតិ ធ្វើឱ្យមហាជន និងអ្នកគាំទ្រគុនខ្មែរដាក់ក្ដីរំពឹងលើកីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ខណៈរូបគេទើបនឹងបដិសេធចូលរួមប្រកួតវិលជុំដណ្តើមខ្សែក្រវាត់ BAYON COMBATGrand Prix នៅប្រទេសឥណ្ឌូណេស៊ី។ យ៉ាងណា លទ្ធផលចេញមកហើយ តែមិនមែនក្របីព្រៃទេ គឺជាកីឡាករ ឈុត សិរីវ៉ាន់ថង...។

កន្លងមក មហាជនភាគច្រើនបានសន្និដ្ឋានថា កីឡាករដែលមានភាគរយខ្ពស់ជាងគេ គឺក្របីព្រៃ ពេជ្រ សម្បត្តិ ដ្បិតអី អ្នកគាំទ្រមួយចំនួនយល់ថា ពេជ្រ សម្បត្តិ គឺជាបេក្ខភាពសក្តិសមបំផុត ដោយសារភាពធន់ កម្លាំងស៊ុសល្អ មានភាពស្វិតស្វាញ ស្ទីលវាយផ្ដោតលើកណ្ដាប់ដៃ និងបទពិសោធប្រកួតលើវិញ្ញាសាឃីកបុកស៊ីង (Kickboxing) ក្រៅពីជំនាញគុនខ្មែរ ក៏ល្អគួរសមដែរ។ ទោះជាយ៉ាងណា លោកគ្រូ ពេជ្រ សុផាន់ បានបដិសេធ ជុំវិញការចាកចេញរបស់សិស្សគុនរូបនេះ ដោយសារ ពេជ្រ សម្បត្តិ មានកម្មវិធីប្រកួតជាប់ដៃចំនួន២ រួចជាស្រេច នៅចុងឆ្នាំ២០២៦នេះទៅហើយ។

ដោយឡែក សម្រាប់កីឡាករដែលមានរហស្សនាម រាហ៊ូមាស ឈុត សេរីវ៉ាន់ថង វិញ អ្នកគាំទ្រគុនខ្មែរ ក៏ចង់ឃើញរូបគេទទួលបានឱកាសឡើងទៅស្ដារមុខមាត់ និងដណ្ដើមកិត្តិយសជូនជាតិ នៅលើទឹកដីជប៉ុនម្ដងទៀតដែរ បន្ទាប់ពីធ្លាប់ជួបរឿងខកចិត្តចាញ់សន្លប់នៅទឹកទី១ ក្រោមថ្វីជើងក្រឡាប់សករបស់កីឡាករជប៉ុន តៃម៉ូ (Taimu) នៅសង្វៀន Knock Out កាលពី២ឆ្នាំមុន និងក្រោយមកចាញ់ពិន្ទុ តៃម៉ូ ម្ដងទៀតពេលប្រកួតនៅប្រទេសកម្ពុជា។ ការរំពឹងទុករបស់អ្នកគាំទ្រ គឺចង់ឃើញ កីឡាករ ឈុត សិរីវ៉ាន់ថង ស្តារមុខមាត់របស់ខ្លួននៅប្រទេសជប៉ុនវិញ ពោលសមដូចសុភាសិតខ្មែរលើកឡើងថា ដួលត្រង់ណា ត្រូវក្រោកត្រង់នោះ។

យ៉ាងណា ក្ដីស្រមៃអ្នកគាំត្រគុនខ្មែរបានលេចចេញជារូបរាងហើយ គឺនៅរសៀលថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ លោក សឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight (KSF) និងជាអ្នកសម្របសម្រួលរៀបចំការប្រកួតនៅសង្វៀន K-1 សម្រាប់កីឡាករគុនខ្មែរពីប្រទេសកម្ពុជា បានបញ្ជាក់ច្បាស់ៗផ្លូវការ ថា ប្រសិនបើគ្មានការប្រែប្រួលទេ កីឡាករ ឈុត សេរីវ៉ាន់ថង គឺជាកីឡាករតំណាងឱ្យកម្ពុជា ទៅប្រកួតវគ្គជម្រុះនៅជប៉ុន ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ រីយូតៈ អ៊ីស៊ីដា Ryuta Ishida។ កីឡាករជប៉ុន រីយូតៈ អ៊ីស៊ីដា មានវ័យ២៣ឆ្នាំ កម្ពស់១,៧៣ម៉ែត្រ មានប្រវត្តិប្រកួត១៦ដង (ឈ្នះ១៤ និងចាញ់២) បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមក្នុងតារាងបញ្ជីឈ្មោះ K-1 World Japan។

សូមជម្រាបថា ជំនួបជម្រុះរវាង ឈុត សេរីវ៉ាន់ថង និងរីយូតៈ អ៊ីស៊ីដា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ អ្នកឈ្នះនឹងទទួលបានកៅអីឡើងទៅដណ្ដើមខ្សែក្រវាត់អន្តរជាតិ K-1 (World Grand Prix) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦ ជាថ្ងៃប្រកួតជុំផ្តាច់ព្រ័ត្រតែមួយ ជាមួយគ្រូម៉ៅចាប់ខ្មោច លន បញ្ញា ដែលមានភារកិច្ចប្រកួតវិលជុំជម្រុះ៣ប្រកួតក្នុងមួយរាត្រី ដណ្ដើមខ្សែក្រវាត់ 8 Man K-1 World WORLD GRANDPRIX។ ការទទួលឱកាសលើកនេះ មិនត្រឹមតែជាការស្តារមុខមាត់សម្រាប់រាហ៊ូមាស ឈុត សេរីវ៉ាន់ថង ក្នុងការចេញទៅសងសឹក និងលុបលាងការខកចិត្តនៅលើទឹកដីជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាជាស្ពានចម្លងកិត្តិយសគុនខ្មែរលើឆាកអន្តរជាតិផងដែរ៕




