ថយម្នាក់មួយជំហានសិន! មេស្ថាប័ន BAYON COMBAT តម្រូវឱ្យ ពេជ្រ សម្បត្តិ ផ្អាកប្រកួត១២០សប្ដាហ៍ ប្រសិនកុងត្រាត្រូវបានចុះ ខណៈគ្រូឆ្នើមកំពុងពិចារណា
Chanmarady Chuon
•
09 តុលា 2026 04:45 PM

គុនខ្មែរ៖ ការចរចានាំយកកីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ទៅវាយតំណាងគុនខ្មែរនៅលើសង្វៀនអន្តរជាតិ ត្រូវថយក្រោយម្នាក់មួយជំហានសិន បន្ទាប់ពីលក្ខខណ្ឌនៃកិច្ចសន្យារបស់ស្ថាប័ន BAYON COMBAT តម្រូវឱ្យរូប ពេជ្រ សម្បត្តិ ផ្អាកការប្រកួតទាំងក្នុង និងក្រៅស្រុក រយៈពេលរហូតដល់១២០សប្ដាហ៍ (ប្រមាណ២ឆ្នាំកន្លះ)...។

យោងតាមការបញ្ជាក់ផ្ទាល់មកកាន់អង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកបានឱ្យដឹងថា ជំនួបចរចាលើកទី២ ដែលមានរយៈពេលជាង៦ម៉ោងផ្ទាល់មាត់ ជាមួយមេស្ថាប័ន BAYON COMBAT កាលពីដើមសប្ដាហ៍នេះ នៅមិនទាន់អាចរកចំណុចរួមឃើញនៅឡើយទេ។ ដើមហេតុដែលធ្វើឱ្យការចុះកុងត្រាត្រូវជាប់គាំង គឺដោយសារស្ថាប័នប្រដាល់ដ៏ធំរបស់ឥណ្ឌូណេស៊ីមួយនេះ បានដាក់លក្ខខណ្ឌស្ដង់ដារកម្រិតខ្ពស់ ដោយតម្រូវឱ្យ កីឡាករ ពេជ្រ សម្បត្តិ ឡើងប្រកួតដណ្ដើមខ្សែក្រវាត់ 8 Man World Grand Prix ឱ្យឈ្នះជើងឯកជាមុនសិន ទើបឈានដល់ការចុះកុងត្រាជាផ្លូវការ។

ចំណុចសំខាន់ក្នុងកិច្ចសន្យានោះ លោក ពេជ្រ សុផាន់ គូសបញ្ជាក់ថា៖ “ភាគីឥណ្ធូណេស៊ី គឺគេហាមដាច់ខាតមិនឱ្យ ពេជ្រ សម្បត្តិ ទទួលការប្រកួតផ្សេងទៀតឡើយ (ទាំងប្រកួតមិត្តភាព និងដណ្ដើមខ្សែក្រវាត់) ក្រៅពីសង្វៀន BAYON COMBAT ក្នុងរយៈពេល១២០សប្ដាហ៍ ដើម្បីរក្សាតម្លៃខ្សែក្រវាត់ និងលើកកម្ពស់រូបគេក្នុងនាមជាតំណាងក្បាច់គុនបុរាណខ្មែរ។” លោកបន្តថា ជាការតបស្នងមកម្ចាស់ក្បាច់គុនខ្មែរវិញ ភាគីឥណ្ឌូណេស៊ី បានផ្ដល់អាទិភាពពិសេស ដោយអនុញ្ញាតឱ្យភាគីកម្ពុជា ទាមទារតម្លៃខ្លួនក្នុងកម្រិតខ្ពស់បំផុតតាមការចង់បាន។

ទោះជាយ៉ាងណា លោកគ្រូ ពេជ្រ សុផាន់ បានសម្ដែងការសោកស្ដាយជាខ្លាំង ដោយសាររូបលោក បានចុះកុងត្រាប្រកួតក្នុងស្រុកចំនួន២ព្រឹត្តិការណ៍ រួចរាល់ហើយ (នាខែធ្នូ ឆ្នាំ២០២៦ និងខែមករា ឆ្នាំ២០២៧)។ ហេតុនេះ ប្រសិនបើយល់ព្រមចុះកុងត្រាជាមួយ BAYON COMBAT លោកត្រូវលុបចោលកុងត្រាក្នុងស្រុក និងបង់ប្រាក់សងកម្មវិធីគេវិញ ដែលជាកត្តារារាំងមិនអាចឱ្យកិច្ចសន្យាថ្មីកើតឡើងបាននាពេលនេះ។ (សូមពន្យល់បន្តិច! ប្រសិនចុះកុងត្រាជាមួយ BAYON COMBAT នោះនឹងត្រូវលុបចោលចុងត្រាក្នុងស្រុកទាំង២ ហើយត្រូវបង់ប្រាក់សងកម្មវិធី តែបើមិនលុបចោលកុងត្រាទាំង២ ក្នុងស្រុកទេ នោះក៏មិនអាចចុះកុងត្រាជាមួយ BAYON COMBAT បានដែរ ព្រោះកុងត្រារយៈពេល១២០សប្ដាហ៍ ឬ២ឆ្នាំកន្លះ ហាមមិនឱ្យមានការប្រកួតក្រៅពីសង្វៀន BAYON COMBAT Grand Prix នោះឡើយ)។

ទោះបីជាខកខានឱកាសមាសភ្លាមៗយ៉ាងណាក្ដី លោកគ្រូ ពេជ្រ សុផាន់ និង កីឡាករ ពេជ្រ សម្បត្តិ បានបង្ហាញមោទនភាពយ៉ាងខ្លាំង ដែលប្រជាជនឥណ្ឌូណេស៊ីជាង២៧០លាននាក់ ទន្ទឹងរង់ចាំមើលក្បាច់គុនបុរាណខ្មែរ និងស្នៀតប្រយុទ្ធរបស់ក្របីព្រៃ។ ជាចុងក្រោយ លោកគ្រូ ពេជ្រ សុផាន់ បានផ្ញើសារអះអាងយ៉ាងច្បាស់ៗ និងផ្តល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រថា៖«វត្តមានរបស់ ពេជ្រ សម្បត្តិ នៅលើទឹកដីឥណ្ឌូណេស៊ី នឹងកើតឡើងជាក់ជាមិនខាន! ទោះបីជាការប្រកួតលក្ខណៈមិត្តភាព ឬដណ្ដើមខ្សែក្រវាត់ក៏ដោយ ស្ថាប័ន និងរូបលោក នឹងបន្តស្វែងរកច្រកចេញដ៏ល្អបំផុត ដើម្បីនាំយកគុនខ្មែរទៅអង្រួននៅលើសង្វៀនប្រទេសឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត