
បទបរិយាយ៖ សម្តីមួយឃ្លារបស់នាយករដ្ឋមន្រ្តីថៃ អនុទីន ឆានវីរគុល នៅចំពោះមុខអ្នកសារព័ត៌មានចិន មិនមែនគ្រាន់តែជាវោហារសាស្ត្រនយោបាយបែបអែបអប ដើម្បីទាក់ទាញលុយវិនិយោគ និងភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបដូចជាកាំបិទដ៏មុតស្រួច ចាក់ទម្លុះបេះដូងពលរដ្ឋដើមកំណើតខ្មែររាប់លាននាក់ ដែលកំពុងរស់នៅលើដីថៃបច្ចុប្បន្ន ដែលជាអតីតទឹកដីកំណើតដូនតារបស់ខ្លួន ដែលថៃបានទន្រ្ទានឈ្លានពានកាន់កាប់ ក្រោយចក្រភពខ្មែរដួលរលំ...។

ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងការអែបអប រួមផ្សំនឹងចេតនាចង់បំបាត់ដូនតាខ្មែរលើដីថៃ អនុទីន បានពោលពាក្យដោយមោទនភាពហួសហេតុថា៖«ចិន និងថៃ លើសពីភាពជាដៃគូទៅទៀត ពួកយើង គឺជាបងប្អូននឹងគ្នា។ ខ្ញុំគិតថា ៩០ភាគរយនៃប្រជាជនថៃ គឺមានឫសគល់ ឬខ្សែស្រឡាយមកពីប្រទេសចិន..!»។ ការប្រកាសក្តែងៗ ថា ប្រជាជនថៃដល់ទៅ៩០ភាគរយ មានឈាមជ័រជាចិន គឺជាការលុបបំបាត់ប្រវត្តិសាស្ត្រដើមទាំងស្រុង និងជាការមើលងាយយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជនដើមកំណើតខ្មែរ ដែលបច្ចុប្បន្នពួកគេកំពុងរស់នៅក្នុងប្រទេសថៃរាប់សិបលាននាក់។ ប្រសិនបើជនជាតិថៃ៩០ភាគរយ មានឫសគល់ចេញពីប្រទេសចិនមែន ចុះថា តើជនជាតិខ្មែរលើ ជានរណាឱ្យពិតប្រាកដ..? ឬមួយថៃចង់ធីបចោលពូជសាសន៍ខ្មេរ ក្នុងចេតនាបំភ្លៃប្រវត្តិសាស្ត្រដូនតាខ្លួន..ទន្ទឹមនឹងមនុស្សខ្មែរលើមួយចំនួនធំ ក៏កំពុងវង្វេងនឹងការបំភ័ន្ត និងភ្លេចខ្លួនថា កើតចេញពីពូជពង្សដូនតាខ្មែរផងដែរ..?

ជនជាតិខ្មែរលើដែលកំពុងរស់នៅប្រទេសថៃបច្ចុប្បន្ន គួរតែសួរខ្លួនឯងឱ្យបានច្បាស់ និងចេះឈឺចាប់នឹងសម្តីទាំងនេះ! ព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពលរដ្ឋដើមកំណើតខ្មែរ ត្រូវបានគេបង្ខំឱ្យផ្លាស់ប្ដូរនាមត្រកូលពីខ្មែរទៅជាថៃ និងត្រូវបានគេបង្ខំឱ្យរៀនប្រវត្តិសាស្ត្រ សរសេរបញ្ច្រាសការពិត ដើម្បីបំបាត់ឈាមជ័រជាខ្មែរ ដែលជាអតីតម្ចាស់ទឹកដីដ៏ពិតប្រាកដ។ សូមជម្រាបថា នេះមិនមែនជាសារដើម្បីបង្កជម្លោះនោះទេ ប៉ុន្តែវាជាចុតហ្មាយក្រើនរំឭកពីការឈឺចាប់ ដើម្បីការពារដូនតា និងអត្តសញ្ញាណដើមនៃជាតិខ្មែរ។ បើខ្មែរលើទាំងនោះមិនភ្ញាក់រឭក មិនចេះឈឺចាប់ មិនចេះស្រឡាញ់ភាសា វប្បធម៌ និងមិនហ៊ានសូម្បីតែទទួលស្គាល់ប្រភពនៃកំណើតដូចតាខ្លួនឯងទេ នោះ ថ្ងៃណាមួយ ប្រវត្តិសាស្ត្រនឹងត្រូវកែប្រែទាំងស្រុង ហើយអត្តសញ្ញាណ និងឫសគល់នៃដើមកំណើតខ្លួន ក៏នឹងត្រូវគេកាឡៃ និងតាក់តែងឡើងតាមតែចុងស្លាបប៉ាការរបស់អ្នកនិពន្ធថៃ តែប៉ុណ្ណោះ។ ពាក្យសម្តីដែល អនុទីន អះអាងថា ជនជាតិថៃ៩០ភាគរយជាប់ឈាមចិននេះ ហាក់បង្ហាញថា ពលរដ្ឋដើមកំណើតខ្មែរ (ខ្មែរលើ) មិនមានក្នុងកែវភ្នែករបស់រាជរដ្ឋាភិបាលរាជធានីបាងកកឡើយ ដ្បិតអតីតដែនដីខ្មែរដ៏ធំល្វឹងល្វើយ និងប្រជាជនដើមកំណើតខ្មែររាប់លាននាក់ កំពុងរលាយចូលជាល្បាយនៃជាតិសាសន៍ថៃជាបណ្តើរៗទៅហើយ។

ទឹកដីដ៏ធំធេងនៅក្នុងប្រទេសថៃ បច្ចុប្បន្ន គឺធ្លាប់ស្ថិតនៅក្រោមអធិបតេយ្យភាព និងឥទ្ធិពលអរិយធម៌របស់ចក្រភពខ្មែរ មុនពេលមានការផ្លាស់ប្ដូរព្រំដែននយោបាយតាមរយៈសង្គ្រាមឈ្លានពាន និងសន្ធិសញ្ញាក្នុងអតីតកាល។ ដែនដីទាំងនោះ រួមមាន៖ ខេត្តសុរិន្ទ្រ, នគររាជសីមា, បុរីរម្យ, សិរីសាកេត, ឧប្បលរាជធានី, មហាសារគាម, រយឯត, យសោធរ, អំណាចចម្រើន, ជ័យភូមិ, នគរភ្នំ, សុគន្ធនគរ, ស្រះកែវ, ត្រាច, ចន្ទបុរី, រយ៉ង, ជលបុរី, បស្ចិមបុរី, ស្ទឹងជ្រៅ, លពបុរី, វិស្ណុលោក, សុខោទ័យ, ក្រុងស្រីអយុធ្យា, បឹងកក់, នគរបឋម, វជ្ជបុរៈ, នគរស្រីធម្មរាជ, ជ័យ, គោកខណ្ឌ, សង្គឹត ឬសិង្គារ, នាងរង, អារញ្ញ, សុវណ្ណភូមិ និងខេត្តស្រីទេព។ នេះបង្ហាញថា ប្រទេសថៃបច្ចុប្បន្ន គឺជាសង្គមពហុជាតិសាសន៍ ដែលកើតចេញពីការលាយបញ្ចូលគ្នា រវាងក្រុមជនជាតិជាច្រើន រួមមាន៖ ជនជាតិខ្មែរដើម មន លាវ ម៉ាឡេ ក្រុមជនជាតិដើមភាគតិចនៅភាគខាងជើង និងជនជាតិតៃដែលបានរត់មកពីប្រទេសចិនជាដើម។

សូមបញ្ជាក់ថា ប្រជាជនដើមកំណើតខ្មែរ ដែលកំពុងរស់នៅលើទឹកដីប្រទេសថៃបច្ចុប្បន្ន ត្រូវចងចាំថា«យើងមិនមែនជាជនជាតិភាគតិច ហើយក៏មិនមែនជាកូនចៅចិន ៩០ភាគរយតាមសម្តី អនុទីន ដែរ ប៉ុន្តែយើងគឺជាម្ចាស់ទឹកដីពិតប្រាកដនៃអរិយធម៌អង្គរដ៏រុងរឿង ដែលជនជាតិអន្តោប្រវេសន៍[តៃ ប្តូរមកជាសៀម និងបន្តប្តូរមកជាថៃ] ប្រើល្បិច ដណ្តើម និងឈ្លានពានយកទៅគ្រប់គ្រងរហូតមកដល់សព្វថ្ងៃនេះ»៕





