
ក្រុងសៀមរាប៖ គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដំណាក់កាលទី២ ត្រូវបានប្រុងពលីបើកការដ្ឋានជួសជុលហើយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន...។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងជួសជុលដំណាក់កាលទី២នេះ មានប្រវែងសរុប១៥០ម៉ែត្រ ដោយបន្តជួសជុលផ្នែកដែលនៅសេសសល់នៃរចនាសម្ព័ន្ធស្ពានហាលខាងកើត ខឿនរបស់ខ្លោងទ្វារ ប្រព័ន្ធលូបង្ហូរទឹក សសរគោល និងផ្នែកខ្លះនៃផ្លូវចូលខាងកើត។ គម្រោងជួសជុលនេះ ស្ថិតក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបជាង៤១ម៉ឺន៣ពាន់ដុល្លារ។ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះដំណើរការជាផ្លូវការ ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រាសាទបេងមាលា ដំណាក់កាលទី២នេះ ហើយលោកអះអាងថា ភាគីចិននឹងបន្តគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ «ចិនទន្ទឹងរង់ចាំស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា នឹងត្រូវបានបង្ហាញជូនភ្ញៀវទេសចរជុំវិញពិភពលោក ក្រោយពីជួសជុលរស់រវើកឡើងសាជាថ្មី ជួយលើកកម្ពស់ភាពទាក់ទាញដ៏ពិសេសនៃវប្បធម៌ខ្មែរ ឱ្យកាន់តែលេចធ្លោថែមទៀត»។ លោក វ៉ាង វិនពីន បញ្ជាក់បន្ថែម។

លោក កែវ កាន់វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ប្រាសាទបេងមាលា គឺជាស្នាដៃស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតដ៏វិសេសវិសាល ជំនាញវិស្វកម្ម សមិទ្ធផលសិល្បៈ និងតម្លៃខាងស្មារតីនៃអារ្យធម៌ខ្មែរ។ ការជួសជុលប្រាសាទបេងមាលា មិនមែនគ្រាន់តែជាគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាកិច្ចការដ៏មានអត្ថន័យ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ លោកបន្តថា ភាគីកម្ពុជា បានចូលរួមសហការយ៉ាងសកម្មជាមួយដៃគូនៅក្នុងតំបន់ឡានឆាង-មេគង្គ ក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរវប្បធម៌ ពង្រឹងការអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព៕









