
ក្រុងសៀមរាប៖ អ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងសម្រុកជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង ដើម្បីឱ្យភ្ញៀវអាចដើរទស្សនាប្រាសាទកាន់តែងាយស្រួលជាងមុន…។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា គម្រោងជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដំណាក់កាលដំបូងប្រវែង១៨៩ម៉ែត្រ បានចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥។ ដំណើរការជួសជុល បានចាប់ផ្តើមពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ដែលជាច្រកចូលសំខាន់ ខណៈបច្ចុប្បន្នការជួសជុលសម្រេចបាន៦០ភាគរយ។ លោកបញ្ជាក់ថា ក្រុមការងារជំនាញនឹងសម្រុកជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ឱ្យបានរួចរាល់នៅចុងខែមីនា ឆ្នាំ២០២៦ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ស្ពានឈើថ្មើរជើងនៅប្រាសាទបេងមាលា មានប្រវែងសរុប២៥០ម៉ែត្រ។ ការជួសជុលស្ពានឈើថ្មើរជើងប្រាសាទបេងមាលា ដើម្បីរួមចំណែកអភិវឌ្ឍវង់ទស្សនានៅតំបន់ប្រាសាទបេងមាលា និងបង្ការហានិភ័យនានាដល់ភ្ញៀវទេសចរ នៅពេលដើរទស្សនាក្នុងបរិវេណប្រាសាទ។ ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅក្នុងភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរប្រមាណ៦០គីឡូម៉ែត្រ ហើយមានការបាក់បែកច្រើន ប៉ុន្តែប្រាសាទនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដើម្បីចូលទស្សនាក្នុងប្រាសាទ អ្នកទេសចរត្រូវឡើងតាមជណ្តើរ និងដើរតាមស្ពានឈើដែលត្រូវបានសាងសង់ដោយមន្រ្តីជំនាញនៃអាជ្ញាធរអប្សរា៕







