
ខេត្តសៀមរាប៖ អ្នកជំនាញក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កាលពីល្ងាចថ្ងៃទី១១មិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ព័ន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ក្នុងនោះរកឃើញថា មានការស្រុតខ្លាំងដោយកន្លែងគ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា...។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ព័ន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។ ពេលកំណាយបកស្រទាប់ដីខាងលើឃើញថាកម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែងគ្រឹះចុះខ្សោយ និងហែកចេញពីគ្នាធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ព័នស្ពានហាលមួយចំនួនមានដូចជា៖ សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដីដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។ ក្នុងនោះផងដែរគម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

គួរឱ្យដឹងដែរថា ប្រាសាទបេងមាលា បានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្តសង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។

ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង១២០០ម៉ែត្រ ទទឹង៩០០ម៉ែត្រ ដែលជាការតំណាងមហាសមុទ្ទព័ទ្ធជុំវិញចក្រវាល។ ទាក់ទងនឹងឈ្មោះប្រាសាទនេះវិញ អ្នកខ្លះហៅថាប្រាសាទបឹងមាលា ឯខ្លះទៀតហៅថាប្រាសាទបេងមាលា។ បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាពពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ៕





