
ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានផ្សាយនៅថ្ងៃទី៧ ខែមេសានេះថា ស្ពានឈើថ្មើរជើងថ្មី ក្នុងប្រាសាទបេងមាលា ត្រូវបានធ្វើរួចរាល់ហើយ បន្ទាប់ពីចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៥មក។ ស្ពានឈើថ្មើរជើងថ្មីនេះ កំពុងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរឆ្លងកាត់ទស្សនាប្រាសាទ និងដើមឈើធំៗដែលហ៊ុមព័ទ្ធប្រាសាទ។

លោក ពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ស្ពានថ្មីនេះបានជំនួសស្ពានចាស់ដែលទ្រុឌទ្រោមដោយសារអាយុកាល និងអាកាសធាតុ។ ស្ពានថ្មីនេះ ត្រូវបានរៀបចំឡើងតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ដើម្បីឱ្យភ្ញៀវទេសចរអាចផ្តិតយកទិដ្ឋភាពពីក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្ម។ លើសពីនេះ ស្ពានថ្មីនេះ នឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ ក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ។ ប្រធានគ្រប់គ្រងគម្រោង លើកឡើងថា ស្ពានឈើ មានប្រវែង១៨៩ម៉ែត្រ ទំហំទូលាយ និងសុវត្ថិភាពជាងមុន។ មិនត្រឹមតែជាច្រកសម្រាប់ដើរទស្សនា ប៉ុណ្ណោះទេ តែក៏ជា «មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំភ្ញៀវទេសចរលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទបេងមាលា។

សូមជម្រាបថា ប្រាសាទបេងមាលា បានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយម។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតនៅទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទបេងមាលា ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលា ជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។

ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយ ប្រវែង១២០០ម៉ែត្រ ទទឹង៩០០ម៉ែត្រ ដែលជាការតំណាងមហាសមុទ្ទព័ទ្ធជុំវិញចក្រវាល។ ទាក់ទងនឹងឈ្មោះប្រាសាទនេះវិញ អ្នកខ្លះហៅថាប្រាសាទបឹងមាលា ឯខ្លះទៀតហៅថាប្រាសាទបេងមាលា។ បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែ លើស្ថាបត្យកម្មនៃប្រាសាទបេងមាលា និងទេសភាពពិសេសនៃស្ពានឈើ នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ -អន្តរជាតិ៕





