កម្ពុជាត្រៀមចរចា និងដាក់មតិតវ៉ា ដើម្បីបញ្ចុះអត្រាពន្ធមុនការសម្រេចចុងក្រោយអាម៉េរិក
អ
អុន សម្ផស្ស
•
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់ពីការត្រៀមចូលរួមចរចា និងពិគ្រោះយោបល់ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយលើសំណើដំឡើងពន្ធបន្ថែមរហូតដល់១៨ភាគរយ លើទំនិញនាំចូលពីកម្ពុជា ក្រោមការស៊ើបអង្កេតតាមមាត្រា៣០១នៃច្បាប់ពាណិជ្ជកម្មអាម៉េរិក ឆ្នាំ១៩៧៤។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់ SBM News នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦…។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា បន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) កាលពីថ្ងៃទី២៥វិច្ឆិកា បានស្នើពិចារណាដំឡើងអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ដល់១៨ភាគរយ ជំនួសអត្រា១០ភាគរយដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីប្រមូលទិន្នន័យព័ត៌មាន និងឯកសារគាំទ្រចាំបាច់ សម្រាប់រៀបចំមតិយោបល់ជាសាធារណៈដាក់ជូន USTR ឱ្យបានមុនថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ ព្រមទាំងត្រៀមចូលរួមសវនាការសាធារណៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៧។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា អត្រាពន្ធ១៨ភាគរយ នៅត្រឹមជាសំណើប៉ុណ្ណោះ មិនទាន់ជាការសម្រេចចុងក្រោយ ឬចូលជាធរមាននៅឡើយទេ។

ការសម្រេចអនុវត្តត្រូវឆ្លងកាត់នីតិវិធីពាក់ព័ន្ធ រួមទាំងការពិនិត្យមតិយោបល់សាធារណៈ និងការវាយតម្លៃឡើងវិញរបស់ USTR ដែលគ្រោងនឹងបញ្ចប់ក្នុងអំឡុងខែមីនា ឆ្នាំ២០២៧។ ទន្ទឹមគ្នា លោកថា កម្ពុជានឹងបន្តប្រើប្រាស់អភិក្រមបុរេសកម្មក្នុងការចរចា និងពិគ្រោះយោបល់ជាមួយភាគីអាម៉េរិក ដើម្បីស្វែងរកលទ្ធភាពបញ្ចុះអត្រាពន្ធបន្ថែម និងការពារផលប្រយោជន៍របស់វិស័យឯកជន ព្រមទាំងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ បើតាម លោក ប៉ែន សុវិជាតិ ដដែល ចាប់តាំងពីការអនុវត្តពន្ធក្រោមមាត្រា ៣០១ មកដល់បច្ចុប្បន្ន មិនទាន់មានសញ្ញាណបង្ហាញពីផលប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិកនោះទេ។ ផ្ទុយទៅវិញ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់។

ជាក់ស្តែង ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួន១៣,៨ពាន់លានដុល្លារអាម៉េរិក កើនឡើង២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិកមានតម្លៃប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក កើនឡើង២៤ភាគរយ។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក លោកបានបញ្ជាក់ថា សំណើដំឡើងពន្ធក្រោមមាត្រា ៣០១ នាពេលនេះ មិនទាន់ប៉ះពាល់ដល់កិច្ចព្រមព្រៀងនេះទេ ដោយភាគីទាំងពីរ នៅបន្តអនុវត្តអត្រាពន្ធ MFN+១០ភាគរយដដែល។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច នៅតែយល់ឃើញថា បើទោះបីជាកម្ពុជា ត្រូវប្រឈមនឹងអត្រាពន្ធគយថ្មីនេះ ក៏កម្ពុជានៅតែមានសក្តានុពលក្នុងការប្រកួតប្រជែងជាមួយប្រទេសដៃគូដែលផលិត និងនាំចេញទំនិញប្រភេទដូចគ្នាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ជាក់ស្តែង លោកលើកឡើងថា ប្រទេសវៀតណាម បានទទួលរងអត្រាពន្ធគយខ្ពស់រហូតដល់២០ទៅ៣៥ភាគរយ ខណៈប្រទេសបង់ក្លាដែស ដែលជាទីផ្សារផលិត និងនាំចេញសម្លៀកបំពាក់ដ៏ធំមួយ និងជាគូប្រកួតប្រជែងជាមួយកម្ពុជា ក៏មានអត្រាពន្ធគយ ១៨ភាគរយដូចគ្នាដែរ ប៉ុន្តែ បង់ក្លាដែស កំពុងបាត់បង់អត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងជាមួយកម្ពុជា។ បាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែង ក៏ដោយសារតែការតវ៉ារបស់កម្មករជំរុញឱ្យរដ្ឋាភិបាលបង់ក្លាដែស ត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាបណ្ដាលឱ្យថ្លៃដើមផលិតកម្មកើនឡើង ដែលកត្តានេះ អាចប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ។ ហេតុនេះហើយ លោកបណ្ឌិត ជ័យ តិច យល់ថា អត្រាពន្ធគយ ១៨ភាគរយ មិនទាន់ធ្វើឱ្យកម្ពុជា បាត់បង់សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសដៃគូធំៗនៅឡើយទេ។

ទោះជាបែបនេះក្ដី លោកសង្កត់ធ្ងន់ថា កម្ពុជា ត្រូវមានការប្រុងប្រយ័ត្ន និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាអត្ថប្រយោជន៍ប្រកួតប្រជែង និងជៀសវាងហានិភ័យពាក់ព័ន្ធនឹងវិធានការពន្ធគយរបស់សហរដ្ឋអាម៉េរិក។ លោកបានផ្តល់អនុសាសន៍សំខាន់ៗចំនួនបី ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ទី១.កម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ការងារ និងស្ដង់ដារការងារឱ្យបានត្រឹមត្រូវ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដើម្បីធានាថា ផលិតកម្មក្នុងស្រុកអនុលោមតាមស្ដង់ដារអន្តរជាតិ។ ទី២.កម្ពុជាគួរបង្កើនការនាំចូលវត្ថុធាតុដើមពីសហរដ្ឋអាម៉េរិក ដូចជា៖ ក្រណាត់ អំបោះ និងកប្បាសជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ពីគោលនយោបាយពន្ធគយអនុគ្រោះ ឬអត្រាពន្ធសូន្យភាគរយ សម្រាប់ទំនិញដែលបំពេញតាមលក្ខខណ្ឌកំណត់។

ទី៣.កម្ពុជាត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ស្តីពីប្រភពដើមទំនិញឱ្យបានតឹងរ៉ឹង ដើម្បីធានាថា ទំនិញនាំចេញមានប្រភពដើមត្រឹមត្រូវ និងមិនមានការក្លែងបន្លំប្រភពដើមទំនិញ។ លោកជំរុញឱ្យ រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នាពិនិត្យ និងជំរុញការផលិតទំនិញដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេស ទំនិញដែលអាចទទួលបានអត្រាពន្ធគយទាប ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងរក្សាកំណើនការនាំចេញរបស់កម្ពុជាក្នុងរយៈពេលវែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត