
រាជធានីបាងកក៖ អាជ្ញាធរខេត្តម៉ែហុងសុន (Mae Hong Son) ប្រទេសថៃ បន្តព្រមានប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់ទឹកទន្លេសាល់វីន (Salween) ឡើយ ខណៈលទ្ធផលតេស្តថ្មីបង្ហាញថា កម្រិតសារធាតុគីមីពុលអាសេនិក (Arsenic) នៅតែខ្ពស់ជាងកម្រិតស្ដង់ដារសុវត្ថិភាពជាង៤ដង។ ទន្ទឹមនេះ មន្ត្រីសុខាភិបាលថៃ រកឃើញសារធាតុអាសេនិកក្នុងខ្លួនមនុស្ស៤នាក់ និងតម្រូវឱ្យតាមដានសុខភាពរបស់ពួកគេរយៈពេល៥ឆ្នាំំ។

មន្ត្រីថៃផ្នែកគ្រប់គ្រងការបំពុល អះអាងថា អាជ្ញាធរប្រទះឃើញអណ្តូងរ៉ែខ្នាតតូចចំនួន ពី៤០ ទៅ៥០កន្លែង នៅផ្នែកខាងលើនៃទន្លេ ក្នុងទឹកដីប្រទេសភូមាជាប់ព្រំដែនថៃ។ ទន្លេសាល់វីន មានប្រវែងហូរកាត់ប្រទេសថៃជាង១២០គីឡូម៉ែត្រ ហើយកម្រិតអាសេនិកនៅទីនោះតែងតែស្ថិតក្នុងកម្រិតខ្ពស់គួរឱ្យបារម្ភ ចាប់តាំងពីចាប់ផ្តើមតាមដាននៅខែវិច្ឆិកា ឆ្នាំ២០២៥មក។ ការធ្វើតែស្តទាំង៩លើក រួមទាំងលទ្ធផលបឋមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំំ២០២៦នេះ សុទ្ធតែលើសពីកម្រិតសុវត្ថិភាព ហើយដីល្បាប់នៅបាតទន្លេ អាចបង្កគ្រោះថ្នាក់ដល់សត្វទឹក និងត្រី។ អាជ្ញាធរណែនាំពលរដ្ឋ កុំបរិភោគត្រីពីទន្លេនេះ៕







