
រដ្ឋធានីមូស្គូ៖ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងកាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ថា អ៊ុយក្រែនបានបន្តការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បើទោះបីជាមានការស្នើសុំពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ឱ្យអត់ធ្មត់ក៏ដោយ។

អ៊ុយក្រែន ធ្លាប់បានលើកឡើងថា នឹងបញ្ឈប់ការវាយប្រហារលើគោលដៅថាមពលរបស់រុស្ស៊ី លុះត្រាតែរដ្ឋធានីមូស្គូបញ្ឈប់ដូចគ្។ សូមជម្រាបថា ការវាយប្រហាររបស់អ៊ុយក្រែន បានថមថយបន្តិច បន្ទាប់ពីការប្រកាសបទឈប់បាញ់ផ្នែកថាមពលរបស់លោក ត្រាំ កាលពីពាក់កណ្តាលខែតុលា ប៉ុន្តែវាបានកម្រើកឡើងវិញ។ លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកប្រេងនៅវិមានក្រឹមឡាំងថា៖«យើងមើលឃើញថា រដ្ឋធានីកៀវ នៅតែបន្តវាយប្រហារលើទីតាំងចម្រាញ់ប្រេងរបស់យើង បើទោះបីជាមានការអំពាវនាវ និងសំណើដោយផ្ទាល់ពីប្រធានាធិបតីអាម៉េរិកឱ្យបញ្ឈប់ការវាយប្រហារបែបនេះក៏ដោយ។ រដ្ឋធានីកៀវ កំពុងព្រងើយកន្តើយចំពោះដំបូន្មាននេះ»។ បុរសខ្លាឃ្មុំទឹកកករូបនេះ ប្រកាសថា៖«វិធានការសងសឹកពីខាងយើង គឺជារឿងដែលជៀសមិនរួចឡើយ»។

ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានសរសេរនៅលើបណ្តាញសង្គម X ថា លោក ពូទីន អាចបញ្ចប់ការវាយប្រហាររបស់រដ្ឋធានីកៀវបាន ដោយគ្រាន់តែបញ្ឈប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៤ឆ្នាំកន្លះមកនេះ។ លោក ស៊ីប៊ីហា បានសរសេរថា៖«ប្រសិនបើលោក ពូទីន មិនពេញចិត្តនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង លោកអាចបញ្ជាឱ្យបញ្ចប់សង្គ្រាមបាន។ ប្រសិនបើលោកមិនចង់ឱ្យនាវាយោធារបស់លោករងការវាយប្រហារទេ លោកអាចបញ្ជាឱ្យបញ្ចប់សង្គ្រាមបាន»។ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរក្នុងស្រុកបានរាយការណ៍ថា តំបន់ជាច្រើនរបស់រុស្ស៊ីបានដាក់ចេញនូវការរឹតត្បិតលើការលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត បន្ទាប់ពីមានការវាយប្រហារជាថ្មីរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង៕




