
រាជធានីបាងកក៖ កងកម្លាំងប្រដាប់អាវុធថៃ បានបង្កសង្គ្រាមឈ្លានពានចុងក្រោយ កាលពីឆ្នាំ២០២៥ មកលើបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ចំនួន២លើក ហើយពួកគេនៅតែបន្ដកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ បច្ចុប្បន្ន នាយករដ្ឋមន្រ្ដីថៃ អានុទីន ឆានវីរគុល (Anutin Charnvirakul) បានអះអាងអំពីការមិនប្រគល់ទឹកដីទាំងនោះមកឱ្យខ្មែរវិញ នោះមានន័យថា ទឹកដីដែលថៃបានប្លន់ពីកម្ពុជា នឹងមិនប្រគល់ឱ្យមកម្ចាស់ដើមវិញឡើយ...។

សារព័ត៌មានថៃខាវសដ បានចុះផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកាថា លោក អានុទីន បានថ្លែងថា កងកម្លាំងប្រដាប់អាវុធថៃ មានភាពរួចរាល់នៅក្នុងការការពារប្រទេស ហើយបានសន្យាថា រាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រលើអាវុធ សម្ភារបរិក្ខារដែលពួកគេត្រូវការ។ អានុទីន លើកឡើងពីបទពិសោធរបស់គ្រួសារនានានៅក្នុងខេត្តចំនួន៧ នៅតាមបណ្តោយព្រំដែនជាប់ជាមួយកម្ពុជា ដែលមានក្ដីបារម្ភ អំពីការបាញ់ផ្លោង ខណៈកំពុងដេកលង់លក់នៅអំឡុងប៉ះទង្គិចគ្នា កាលពីឆ្នាំ២០២៥។ អានុទីន បញ្ជាក់ថា៖«យើងមិនអាចប្រគល់អធិបតេយ្យភាពរបស់យើងទៅឱ្យនរណាម្នាក់បានឡើយ សូម្បីតែមួយនាទីក៏ដោយ។ ទឹកដីទាំងនោះ ត្រូវតែស្ថិតនៅជាមួយប្រទេសថៃជានិច្ច»។ ទន្ទឹមគ្នា អនុទីន ក៏បានបដិសេធគំនិតដែលថា ប្រទេសថៃ អាចទទួលយកការរំលោភចូលទឹកដី នៅក្នុងកម្រិតតិចតួច ដោយសន្មតថា អាចនឹងដណ្តើមយកទឹកដីនោះមកវិញ នៅពេលក្រោយ។

អានុទីន ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថៃ កាលពីវេលាម៉ោង១២:៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្វើជាអធិបតី នៅក្នុងពិធីធ្វើតេស្ត និងវាយតម្លៃប្រតិបត្តិការតាក់ទិកតាមផ្លូវអាកាសឆ្នាំ២០២៧។ អានុទីន បានលើកឡើងថា រដ្ឋមន្ត្រី សមាជិកសភា និងសមាជិកព្រឹទ្ធសភា ដែលពាក់ព័ន្ធនឹងការចំណាយលើវិស័យការពារជាតិ គួរតែចុះទៅមើលសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធ ដោយផ្ទាល់ភ្នែក។ រីឯជម្លោះផ្នែកសេដ្ឋកិច្ច និងសាយប័រ (cyber) កាន់តែមានសារសំខាន់ ប៉ុន្តែសង្គ្រាមតាមបែបប្រពៃណី ក៏នៅតែជាការគំរាមកំហែងដដែល។ ការលើកឡើងរបស់អានុទីន បានបង្ហាញយ៉ាងច្បាស់ អំពីមេដឹកនាំថៃគ្រប់ជំនាន់ នៅតែបន្ដចិញ្ចឹមមហិច្ឆតាឈ្លានពាន និងលេបត្របាក់ទឹកដីកម្ពុជា៕




