
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានសម្រេចលក់គ្រឿងសំខាន់ៗរបស់យន្ដហោះចម្បាំង F-16 ដែលមានតម្លៃរាប់រយលានដុល្លារ ឱ្យទៅប្រទេសអ៊ុយក្រែន ដើម្បីជួសជុល យកទៅធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ត្រឹមតែប៉ុន្មានថ្ងៃ ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ហៅមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ជាមិត្តសម្លាញ់ កំលុងជួបគ្នានៅប្រទេសចិន ចំពេលទំនាក់ទំនងការទូត មានភាពរកាំរកូសជាមួយលោក ហ្សេឡែនស្គី...។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌី Al Arabiya News បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកានេះថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា សហរដ្ឋអាម៉េរិក បានអនុម័តលើលទ្ធភាពនៃការលក់សម្ភារសម្រាប់ថែទាំយន្តហោះចម្បាំង F-16 និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ទៅកាន់ប្រទេសអ៊ុយក្រែន មានតម្លៃចំនួន៦២១,៩លានដុល្លារអាម៉េរិក។ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនម៉ៅការចម្បង សម្រាប់ការលក់នេះ នឹងត្រូវជ្រើសរើស តាមរយៈដំណើរការលទ្ធកម្ម ដែលធ្វើឡើងដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផ្ទាល់។

ការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅប្រទេសចិន ដោយហៅមេដឹកនាំវិមានក្រឹមឡាំង ថា «មិត្តសម្លាញ់» ខណៈម្ចាស់សេតវិមានរូបនេះ មានភាពតានតឹងលើទំនាក់ទំនងការទូត ជាមួយ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅក្នុងមួយរយៈចុងក្រោយ។ ប៉ុន្តែចុងក្រោយ សហរដ្ឋអាម៉េរិក នៅតែព្រមព្រៀងលក់សម្ភារសម្រាប់ថែទាំយន្តហោះចម្បាំង F-16 និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ទៅឱ្យអ៊ុយក្រែនដដែល៕



