
រាជធានីបាងកក៖ ស្របពេលទាហានថៃ កំពុងធ្វើសកម្មភាពឈ្លានពាន និងរំលោភបំពានបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ប្រជាជនថៃ បាននាំគ្នាបរិច្ចាគប្រាក់រាប់លានដុល្លារអាម៉េរិកដល់ក្រុមយោធា ដើម្បីសាងសង់លេណដ្ឋាន និងធ្វើរបងព្រំដែន ខណៈក្រុមឈ្មួញទុច្ចរិតបន្តលួចនាំចូលទំនិញថៃខុសច្បាប់ ឯពលរដ្ឋកម្ពុជាមួយចំនួន បែរជាអត់ទំនិញថៃមិនបាន...។

សារព័ត៌មានរបស់ថៃខាវសដ បានចេញផ្សាយកាលពីយប់ថ្ងៃពុធទី២៥ ខែវិច្ឆិកា ថា អង្គការមូលនិធិសម្រាប់ការសាងសង់របង លេណដ្ឋាន និងទីជម្រក ហាតៃទីព (Hataitip Fund) បានអះអាងថា បើគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាជនថៃ បានបរិច្ចាគថវិកាចំនួន២៦៩,២៤លានបាត(លុយថៃ) ឬស្មើនឹងជាង ៧,៩១លានដុល្លារអាម៉េរិក ទៅក្នុងមូលនិធិនេះ សម្រាប់ការប្រើប្រាស់នៅក្នុងការសាងសង់របងព្រំដែន បន្ទាយការពារ និងទីជម្រក សម្រាប់ពលរដ្ឋ ថៃ រស់នៅតាមបណ្តោយព្រំដែនកម្ពុជា។ មូលនិធិ Hataitip Fund ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃមូលនិធិ (Chulabhorn Foundation) បានបែងចែកថវិកាចំនួន១០៩,៥៤ លានបាត ទៅឱ្យទីបញ្ជាការកងកម្លាំងប្រដាប់អាវុធថៃ និងចំនួន៥១,៨១លានបាត ទៅឱ្យកងទ័ពជើងគោកថៃ ខណៈថវិកានៅសល់មានចំនួន១០៧,៨៩លានបាត។

នៅស្រុកពោងណាមរ៉ុន (โป่งน้ำร้อน) ខេត្តចន្ទបុរី ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់របងព្រំដែនមួយផ្នែក មានប្រវែង១,៣១គីឡូម៉ែត្ររួចរាល់ហើយ។ រីឯរបងមួយផ្នែកទៀតមានប្រវែង៣,៤៥គីឡូម៉ែត្រ បានសាងសង់សម្រេចបាន៩៦ភាគរយ ខណៈការសាងសង់របងប្រវែង៣,៦២គីឡូម៉ែត្របន្ថែមទៀត បានគ្រោងទុក សម្រាប់ដំណាក់កាលក្រោយ។ ទីស្នាក់ការកណ្តាល ក៏បានបញ្ចប់ការងារសាងសង់ផ្លូវប្រវែង៩,៦១គីឡូម៉ែត្រ នៅក្នុងស្រុកនោះដែរ រួមមាន៖ ផ្លូវសម្រាប់ដឹកជញ្ជូនសម្ភារ និងគ្រឿងចក្រប្រវែង១,២៣គីឡូម៉ែត្រ និងផ្លូវល្បាតប្រវែង៨,៣៨គីឡូម៉ែត្រ ដែលគ្រោងនឹងក្រាលកៅស៊ូ ឬបេតុងផងដែរ។ នៅក្នុងគម្រោងនានា នៅតាមបណ្តោយព្រំដែន ទីបញ្ជាការ និងកងទ័ព បានសាងសង់លេណដ្ឋានចំនួន៤២៨កន្លែង សម្រាប់យោធាថៃឈ្លានពានឈរជើងនៅលើទឹកដីកម្ពុជាដែលដណ្តើមបាន និងទីជម្រកចំនួន៥០កន្លែង សម្រាប់ប្រជាពលរដ្ឋថៃ ជ្រកពេលមានសង្គ្រាមកើតឡើង។

ទីបញ្ជាការ បានរៀបចំដំឡើងលេណដ្ឋាន សម្រាប់ទាហាននៅតាមព្រំដែន ចំនួន១០០កន្លែង និងទីជម្រកសម្រាប់ប្រជាពលរដ្ឋចំនួន៤០កន្លែង នៅតាមវត្តអារាម សាលារៀន និងសហគមន៍ នៅតាមព្រំដែន។ ចំណែក យោធាវិញ បានសាងសង់លេណដ្ឋាន សម្រាប់មនុស្សពីរនាក់ចំនួន៣២៨កន្លែង នៅតាមមូលដ្ឋានយោធា និងទីជម្រកសម្រាប់ប្រជាពលរដ្ឋចំនួន១០កន្លែង នៅតាមតំបន់ដែលមានហានិភ័យ។ យ៉ាងណា អ្វីដែលមហាជនកម្ពុជា ហួសចិត្តបំផុតនោះ គឺមកដល់ពេលនេះហើយ នៅមានពលរដ្ឋខ្មែរមួយចំនួនបន្តប្រើប្រាស់ទំនិញថៃ និងមានក្រុមឈ្មួញទុច្ចរិតបន្តលួចនាំចូលទំនិញទាំងនោះ យកមកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា យ៉ាងផុលផុស ខណៈការបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនពីប្រទេសថៃ នៅមានភាពធូរលុងក្នុងតំបន់មួយចំនួន៕


