
រាជធានីបាងកក៖ បន្ទាប់ពីមានការបំពុលទឹក ដោយសារធាតុអាសេទិក មន្ត្រីជំនាញផ្នែកសុខាភិបាលថៃ បានបង្កើតឧបករណ៍តេស្ត ដោយរកឃើញត្រឹមតែរយៈពេល២០នាទីប៉ុណ្ណោះ ខណៈឧបករណ៍ចំនួន២០០០ឈុតដំបូង នឹងត្រូវចែកចាយ ចាប់ពីខែធ្នូនេះតទៅ...។

នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រ (Department of Medical Sciences) មានគម្រោងផ្តល់ឧបករណ៍សរុប១០០០០ឈុត ដល់ស្ថាប័នសុខាភិបាលសាធារណៈ និងមណ្ឌលសុខភាពនៅតាមឃុំ ក្នុងតំបន់ដែលមានហានិភ័យ។ បច្ចុប្បន្ន ឧបករណ៍នេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ហើយមន្ត្រីជំនាញគ្រោងនឹងវាយតម្លៃប្រសិទ្ធភាពរបស់វា នៅក្នុងស្ថានភាពជាក់ស្តែង។ ឧបករណ៍ទាំងនេះ ត្រូវបានរចនាឡើងសម្រាប់ការពិនិត្យបឋមប៉ុណ្ណោះ។ ចំពោះលទ្ធផលដែលតម្រូវឱ្យមានការតាមដានបន្ត គឺចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់លាស់តាមរយៈការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ជាមុនសិន មុននឹងឈានដល់ការសម្រេចចិត្ត លើវិធានការថែទាំសុខភាព។

ដំណើរការនៃការធ្វើតេស្តនេះ បង្ហាញតាមរយៈការផ្លាស់ប្ដូរពណ៌ដែលអាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែដំណើរការនេះមានពាក់ព័ន្ធឧស្ម័នអាស៊ីន (arsine gas) ដែលជាសារធាតុពុល។ នាយកដ្ឋានបានបញ្ជាក់ថា បុគ្គលិកដែលអនុវត្តការងារនេះ ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាល និងអនុវត្តតាមនីតិវិធីសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ នាយកដ្ឋានមួយនេះ សង្ឃឹមថា នឹងអាចអភិវឌ្ឍកំណែថ្មីមួយទៀត ដែលមានសុវត្ថិភាពជាងមុន និងងាយស្រួលប្រើប្រាស់ជាងនេះ សម្រាប់អ្នកស្ម័គ្រចិត្តសុខភាពភូមិ នៅពេលអនាគត៕
អត្ថបទ៖ ណុប ស៊ីនួន





