ថៃ ចាត់វិធានការលើសារធាតុបំពុលក្នុងអាងទន្លេចំនួន៣ ចេញពីតំបន់ជីករ៉ែនៅភូមា ពាក់ព័ន្ធ​ដល់ទន្លេមេគង្គ
S
Sinuon Nop
•
10 ម៉ោងមុន

រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ ចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីទប់ស្កាត់ការបំពុល ដោយសារធាតុពុល នៅក្នុងអាងទន្លេកុក (Kok) ទន្លេសៃ (Sai) និងទន្លេរួក (Ruak) ដោយផ្តោតគោលដៅទៅលើប្រភពនាំចេញមកពីតំបន់រ៉ែ នៃរដ្ឋសាន (Shan State) ប្រទេសភូមា ដោយមន្ត្រីជំនាញថៃ កំពុងតែធ្វើការជាមួយអាជ្ញាធរភូមា និងចិន ដើម្បីរួមគ្នាដោះស្រាយបញ្ហាទឹកទន្លេ ដោយគ្រោងនឹងបង្ហាញផែនទីហានិភ័យ (Risk Map) សម្រាប់តាមដានតំបន់ដែលមានបញ្ហាកើតឡើង នៅក្នុងពេលវេលាជាក់ស្តែង នៅថ្ងៃទី២៧ ខែវិច្ឆិកា...។

លោកស្រី ភ័ទ្រដារ័ត្ន ថងសាលួយករ (Phattharat Thongsaluaykorn)
លោកស្រី ភ័ទ្រដារ័ត្ន ថងសាលួយករ (Phattharat Thongsaluaykorn)

សារព័ត៌មានថៃរ៉ាត់ បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា នេះថា លោកស្រី ភ័ទ្រដារ័ត្ន ថងសាលួយករ (ภัทร์ดารัสมิ์ ทองสลวยกร) អ្នកនាំពាក្យរង ការិយាល័យនាយករដ្ឋមន្រ្ដីថៃ បានបង្ហាញវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាការបំពុល នៅក្នុងអាងទន្លេភាគខាងជើង រួមមាន៖ ទន្លេកុក (Kok) ទន្លេសៃ (Sai) និងទន្លេរូក (Ruak)។ លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងជំរុញវិធានការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហានេះ មកពីប្រភពដើម ដោយសហការជាមួយអាជ្ញាធរភូមា តំណាងរដ្ឋសាន (Shan State) និងប្រទេសចិន ដើម្បីតាមដានប្រភព នៃការបំពុលតាមប្រព័ន្ធ និងអនុវត្តវិធានការត្រួតពិនិត្យ។ គោលបំណង គឺដើម្បីធានាថា ថៃមិនត្រូវទទួលបន្ទុកតែម្នាក់ឯង ដែលបណ្ដាលមកពីសកម្មភាពសេដ្ឋកិច្ចឆ្លងដែននោះឡើយ។

ទន្ទឹមគ្នា រាជរដ្ឋាភិបាល ក៏នឹងស្នើឱ្យគណៈកម្មាធិការជាតិបរិស្ថាន ប្រកាសកំណត់តំបន់គ្រប់គ្រងការបំពុល នៅតាមបណ្តោយទន្លេកុក ដែលមានប្រវែងប្រហែល១៥០គីឡូម៉ែត្រ ដើម្បីគ្រប់គ្រងថវិកា និងស្តារបរិស្ថានឡើងវិញ ជាប្រព័ន្ធ។ អ្នកនាំពាក្យរងរូបនេះ កត់សម្គាល់ឃើញថា ទិន្នន័យថ្មីៗ បង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនង រវាងការបំពុលដោយសារធាតុអាសេនិច(Arsenic) និងអណ្តូងរ៉ែ នៅក្នុងរដ្ឋសាន នៃប្រទេសភូមា។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលថៃ បានយកសំណើរបស់សាធារណជន ស្តីពី «ការបិទអណ្តូងរ៉ែជាបណ្តោះអាសន្ន» ទៅពិចារណា។ វិធានការផ្សេងទៀត គឺការចុះត្រួតពិនិត្យអណ្តូងរ៉ែនីមួយៗ នៅក្នុងរដ្ឋសាន ទាំងអណ្តូងរ៉ែដែលគ្រប់គ្រងដោយរដ្ឋ និងអណ្តូងរ៉ែឯកជន។ ប្រទេសថៃ និងចិន នឹងសហការគ្នា បង្កើតមន្ទីរពិសោធន៍មួយនៅសាកលវិទ្យាល័យម៉ែហ្វាលួង (มหาวิทยาลัย แม่ฟ้าหลวง) ដើម្បីប្រមូលសំណាកសម្រាប់វិភាគកំណត់អត្តសញ្ញាណសារធាតុបំពុល ក្នុងគោលបំណងកំណត់ប្រភពនៃការបំពុលនោះ ឱ្យបានច្បាស់លាស់។

មន្រ្ដីជំនាញថៃ យកសំណាកទន្លេមេគង្គ មកពិនិត្យស្វែងរកសារធាតុបំពុល
មន្រ្ដីជំនាញថៃ យកសំណាកទន្លេមេគង្គ មកពិនិត្យស្វែងរកសារធាតុបំពុល

អ្នកនាំពាក្យរងនៃការិយាល័យនាយករដ្ឋមន្រ្ដីថៃ បានសង្កត់ធ្ងន់ថា ទឹកនៅក្នុងតំបន់មានហានិភ័យ នាពេលបច្ចុប្បន្ន គឺអាចប្រើប្រាស់ទឹក សម្រាប់វិស័យកសិកម្មបាន ប៉ុន្តែមិនអាចយកទឹកនោះមកទទួលទានដោយផ្ទាល់បានឡើយ។ ករណីនេះ គឺរាជរដ្ឋាភិបាលថៃ កំពុងចាត់វិធានការបន្ទាន់ ដោយការខួងអណ្តូងទឹកចំនួន១០កន្លែង ទុកជាការត្រៀមបម្រុង ធ្វើឱ្យល្អប្រសើរឡើងនូវប្រព័ន្ធចម្រោះទឹកសហគមន៍ និងចែកចាយឧបករណ៍ សម្រាប់ធ្វើតេស្តគុណភាពទឹក ឆាប់រហ័ស ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃជាជំហានដំបូង។ ការបំពុលទឹកទន្លេនេះ ក៏មានទំនាក់ទំនងទៅនឹងអាងទន្លេមេគង្គ និងអាងទន្លេសាលវីន (Salween)ផងដែរ ដែលតម្រូវឱ្យមានយន្តការសហប្រតិបត្តិការជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញវឌ្ឍនភាពនេះ។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃបញ្ជាក់ថា ខ្លួននឹងមិនប្រើប្រាស់ថវិការបស់ថៃជាចម្បង ដើម្បីរ៉ាប់រងលើការចំណាយ ដែលកើតចេញពីបញ្ហានៅតំបន់ខាងលើ នៃទន្លេទាំងនេះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលថៃ នឹងជំរុញឱ្យមានយន្តការទូទាត់សំណង និងការទទួលខុសត្រូវរួមគ្នា ពីភាគីដែលបង្កឱ្យមានការបំពុលទឹកទន្លេ ដើម្បីជួយឱ្យប្រជាពលរដ្ឋ អាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីឡើងវិញ ឱ្យបានឆាប់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត