
រដ្ឋធានីវ៉ាស៊ីនតោន៖ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា នៅតំបន់ប៉ាស៊ីហ្វិក ជាមួយប្រទេសចិន សហរដ្ឋអាម៉េរិក បានបោះទុនទំហំទឹកប្រាក់៤០០លានដុល្លារ វិនិយោគលើវិស័យការពារជាតិហ្វីលីពីន ដោយសារតែរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ចាត់ទុកច្រកសមុទ្ទលូហ្សុន (Luzon) មានសារសំខាន់ជាយុទ្ធសាស្ត្រ...។

ប្រព័ន្ធផ្សព្វផ្សាយនានា បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកានេះថា ការវិនិយោគរបស់សហរដ្ឋអាម៉េរិក ដែលបានស្នើឡើង បង្ហាញអំពីការផ្លាស់ប្ដូរកាន់តែស៊ីជម្រៅ នៅក្នុងតួនាទីរបស់ហ្វីលីពីន ដោយផ្ដោតលើយុទ្ធសាស្ត្រការពារជាតិឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋធានីវ៉ាស៊ីនតោន។ កញ្ចប់ថវិកាបង្កើនសមត្ថភាពយោធា មានទំហំទឹកប្រាក់៤០០លានដុល្លារនេះ នឹងផ្តោតលើអាវុធបាញ់ចម្ងាយឆ្ងាយ ទីបញ្ជាការ ការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ និងយន្តហោះគ្មានមនុស្សបើក ឬដ្រូនពហុមុខងារ ខណៈការផ្ដល់ហិរញ្ញប្បទានចំនួន២ពាន់លានដុល្លារ ដែលបានស្នើឡើងផ្សេងទៀត នឹងធ្វើឱ្យរដ្ឋធានីម៉ានីល អាចពង្រីកការនាំចូលឧបករណ៍ពីយោធាពីសហរដ្ឋអាម៉េរិក។ ការធ្វើទំនើបកម្មអាកាសយានដ្ឋាន Basco នៅបាតានេស (Batanes) ខេត្តភាគខាងជើងបំផុតរបស់ហ្វីលីពីន ដែលបានគ្រោងទុក គឺមានសារសំខាន់យ៉ាងពិសេស ពីព្រោះកោះទាំងនេះ ជាផ្លូវទឹកយុទ្ធសាស្ត្រ តភ្ជាប់សមុទ្ទចិនខាងត្បូង ជាមួយមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច។

គំនិតផ្តួចផ្តើមទាំងនេះ រួមគ្នាតភ្ជាប់នូវការការពារទឹកដីរបស់ហ្វីលីពីន ជាមួយនឹងសិទ្ធិចូលទៅប្រើប្រាស់ប្រតិបត្តិការរបស់សហរដ្ឋអាម៉េរិក នៅជិតកោះតៃវ៉ាន់ និងខ្សែសង្វាក់កោះទី១។ សារសំខាន់ជាយុទ្ធសាស្ត្រ លាតសន្ធឹងហួសពីសមុទ្ទចិនខាងត្បូង។ អាកាសយានដ្ឋាន Basco ស្ថិតក្នុងខេត្តបាតានេស នៅជិតច្រកសមុទ្ទលូហ្សុន ដែលជាច្រករបៀងផ្លូវសមុទ្ទ និងផ្លូវអាកាសដ៏សំខាន់ រវាងសមុទ្ទហ្វីលីពីន និងសមុទ្ទចិនខាងត្បូង។ ការកែលម្អការចូលទៅប្រើប្រាស់នៅទីនោះ អាចគាំទ្រដល់ភស្តុភារ ការឃ្លាំមើល និងប្រតិបត្តិការបន្ទាន់ នៅក្នុងករណីមានវិបត្តិនៅច្រកសមុទ្ទតៃវ៉ាន់។ ទន្ទឹមនឹងគ្នា ឃ្លាំងស្ដុកប្រេងឥន្ធនៈ មានទំហំទឹកប្រាក់ចំនួន៤០លានដុល្លារ ដែលបានស្នើឡើងនៅឈូងសមុទ្ទស៊ូប៊ិក (Subic) អាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលគាំទ្រដល់ប្រតិបត្តិការតាមផ្លូវសមុទ្ទ៕




