
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Hanil Electric Co., Ltd. របស់ប្រទេសកូរ៉េខាងត្បូង គ្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ាស៊ីនបូមទឹក និងកង្ហារនៅកម្ពុជា ដោយមានគោលដៅប្រើប្រាស់កម្ពុជា ជាមូលដ្ឋានផលិតកម្ម និងចែកចាយផលិតផលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍...។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ លោក កាង ជែសុង (Kang Jae Sung) នាយកប្រតិបត្តិក្រុមហ៊ុន Hanil Electric Co., Ltd. ក្នុងជំនួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញផែនការវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើសុំការគាំទ្រ ព្រមទាំងសម្របសម្រួលពីកម្ពុជា លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការស្វែងរកទីតាំងសមស្របសម្រាប់បង្កើតរោងចក្រ ការធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាព និងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូផ្គត់ផ្គង់ក្នុងស្រុក ដើម្បីជំរុញការអនុវត្តគម្រោងឱ្យបានឆាប់រហ័ស។

ជាការឆ្លើយតប លោក ជា វុទ្ធី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីវិនិយោគ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងធានាឱ្យគម្រោងវិនិយោគអាចដំណើរការទៅដោយរលូន និងទាន់ពេលវេលា។ លោកអគ្គលេខាធិការ ថែមទាំងបានវាយតម្លៃថា គម្រោងវិនិយោគរបស់ ក្រុមហ៊ុន Hanil Electric Co., Ltd. មានសក្តានុពលក្នុងការរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មឧស្សាហកម្មនៅកម្ពុជា ការនាំចូលបច្ចេកវិទ្យា និងជំនាញពីសាធារណរដ្ឋកូរ៉េ ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងការបង្កើនតម្លៃបន្ថែមក្នុងស្រុក។ គួរជ្រាបថា ក្រុមហ៊ុន Hanil Electric Co., Ltd. ជាក្រុមហ៊ុនរបស់សាធារណរដ្ឋកូរ៉េ មានឯកទេសផលិតម៉ាស៊ីនបូមទឹក និងបរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងគេហដ្ឋាន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៤មក៕











