ជនដៃដល់បា.ញ់ស.ម្លា.ប់ប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ និងផ្តាច់ជីវិតស្ត្រីចាក់រុកឱ្យបែកបាក់ ត្រូវបញ្ជូនទៅតុលាការហើយ
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

ក្រុងបាត់ដំបង៖ នៅទីបំផុត បុរសដែលបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ព្រោះភ្លើងប្រច័ណ្ឌ និងផ្តាច់ជីវិតស្ត្រីម្នាក់ទៀត ដែលបុរសរូបនោះចោទថា ជាអ្នកចាក់រុកឱ្យគ្រួសារបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយ...។

ផ្អែកតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ជនល្មើសឈ្មោះ ឈុន ពៅ ហៅអូន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងពាក់ព័ន្ធករណីឃាតកម្ម បាញ់សម្លាប់លើស្ត្រី២នាក់ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង រួមមាន៖ ទី១.ឈ្មោះ ប៊ុនណា សុគន្ធី (ត្រូវជាប្រពន្ធជនបង្ក) និងម្នាក់ទៀតឈ្មោះ នេត ដានី (ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក)។ ពេលធ្វើសកម្មភាពរួច ជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។ ភ្លាមៗ..កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់យកមកសាកសួរនាំ រួមជាមួយវត្ថុតាងអាវុធខ្លីម៉ាក SIG SAU ER P365 និងរថយន្តម៉ាក Hight Lander មួយគ្រឿង។  

ទោះយ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរងគ្រោះទាំង២នាក់ប្រាកដមែន ផ្ដើមចេញពីភ្លើងប្រចណ្ឌរវាងប្រពន្ធខ្លួន និងបុរសម្នាក់ និងដោយមានកំហឹងជាមួយស្ត្រីជាមិត្តភក្តិប្រពន្ធផង រូបគេ ក៏បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថា ស្ត្រីរូបនេះ តែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែកបំបាក់គ្រួសារ បន្ទាប់មកទើបបាញ់ប្រពន្ធជាក្រោយ មុនពេលបើករថយន្តគេចខ្លួន។ ចំពោះអាវុធខ្លី ដែលបានយកធ្វើសកម្មភាព បុរសខ្មាន់កាំភ្លើងប្រាប់ថា ទិញពីប្រទេសថៃយកមកទុកយូរហើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត