
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺត្រឹមតែរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងនៅទូទាំងប្រទេសចំនួន៣៧ករណី បណ្ដាលឱ្យមនុស្សស្លាប់២៧នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន៤៩នាក់...។

ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះកើនឡើង១១ករណី ស្លាប់កើនឡើង១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់។ របាយការណ៍ដដែលបានឱ្យដឹងបន្តថា គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅចន្លោះពេលយប់ចំនួន២០ករណី ខណៈមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ រួមមាន៖ ការបើកបរលើសល្បឿនកំណត់១៤ករណី មិនគោរពសិទ្ធិ៩ករណី មិនប្រកាន់ស្ដាំ៥ករណី ប្រជែង៤ករណី ស្រវឹង៣ករណី និងបត់មិនប្រយ័ត្ន២ករណី។

សូមជម្រាបផងដែរថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតមានឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង។ ទោះយ៉ាងណាក៏ដោយ បើគិតពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន២២៣ករណី បណ្ដាលឱ្យមនុស្សស្លាប់១៤៤នាក់ និងរងរបួស៣១៤នាក់ ក្នុងនោះ ១២៩ករណី កើតឡើងនៅពេលយប់៕


