
រាជធានីភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានលើកឡើងពីតម្លៃប្រវត្តិសាស្ត្រ និងអត្ថន័យវប្បធម៌នៃ«ស្បៃខ្មែរ» ដោយបញ្ជាក់ថា ស្បៃមិនមែនជាសម្លៀកបំពាក់ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ ប៉ុន្តែជាមរតកអរិយធម៌ដែលមានឫសគល់ជ្រៅ ក្នុងប្រវត្តិសាស្ត្រខ្មែរជាង ១០០០ឆ្នាំមកហើយ..។

តាមរយៈសារដែលបានបង្ហោះលើបណ្តាញសង្គម លោករដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យ«ស្បៃ» មានភស្តុតាងកត់ត្រានៅក្នុងសិលាចារឹកខ្មែរ តាំងពីសតវត្សរ៍ទី៩ ដែលបង្ហាញពីការប្រើប្រាស់ និងអត្ថិភាពនៃពាក្យនេះតាំងពីសម័យបុរាណ។ លោកថែមទាំងលើកឡើងថា ភស្តុតាងនៃអត្តសញ្ញាណស្បៃខ្មែរ អាចឆ្លុះបញ្ចាំងតាមរយៈប្រភពវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើន ដូចជា៖ រឿងព្រេងព្រះថោងតោងស្បៃនាងនាគ ចម្លាក់បុរាណ សិលាចារឹកសម័យអង្គរ ទំនៀមទម្លាប់ក្នុងពិធីមង្គលការ និងការប្រើប្រាស់ក្នុងរបាំព្រះរាជទ្រព្យ។ ប្រភពទាំងនេះ ត្រូវបានលើកយកមកបង្ហាញពីទំនាក់ទំនងរវាងស្បៃ និងជីវភាពសង្គម ជំនឿ ប្រពៃណី ព្រមទាំងសិល្បៈវប្បធម៌របស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។

ជាមួយគ្នា លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីពាក្យ «Sabai» ដែលប្រទេសជិតខាងកម្ពុជា ប្រើប្រាស់ ដោយយោងតាមការស្រាវជ្រាវដែលលោកបានលើកឡើងថា ពាក្យនេះ មានប្រភពខ្ចីមកពីពាក្យខ្មែរ«Sbai»។ ការលើកឡើងនេះ បានបង្ហាញពីសារសំខាន់នៃការសិក្សាស្រាវជ្រាវ និងការចងក្រងឯកសារប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់ពីប្រភពដើម និងការវិវត្តនៃមរតកវប្បធម៌ខ្មែរ ព្រមទាំងជំរុញឱ្យកូនខ្មែរជំនាន់ក្រោយចូលរួមថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ។ លោករដ្ឋមន្ត្រីថែមទាំងបានសង្កត់ធ្ងន់លើមោទនភាពជាតិចំពោះស្បៃខ្មែរ តាមរយៈសារដ៏ខ្លីមួយថា៖ «ស្បៃខ្មែរ ជាមរតកខ្មែរ! ជាអត្តសញ្ញាណខ្មែរ! ជាមោទកភាពខ្មែរ!»។

សូមរំឭកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចយកអតីតសាលារចនា ខាងក្រោយសារមន្ទីរជាតិ រៀបចំជាកន្លែងតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណី ឧបករណ៍ភ្លេង និងវត្ថុពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ។ កាលនោះសម្តេចថ្លែងសង្កត់ធ្ងន់ថា ការការពាររអត្តសញ្ញាណជាតិទាមទារឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ពីវប្បធម៌ខ្លួន ចាប់ពីរបៀបត្បាញហូល ផាមួង ការពារស្បៃ រហូតដល់ការរៀបចំសក់ និងការប្រើសម្លៀកបំពាក់សម្រាប់ពិធីផ្សេងៗ។ ក្នុងន័យនេះ សម្តេច ជំរុញឱ្យក្រសួងវប្បធម៌ សហការជាមួយក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ ផ្សព្វផ្សាយចំណេះដឹងទាំងនេះ ឱ្យកាន់តែទូលំទូលាយ។ ជាពិសេស រៀបចំសៀវភៅណែនាំ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីឱ្យម្ចាស់សម្អាងការ អ្នកផលិតសម្លៀកបំពាក់ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ ជំនួសការពឹងផ្អែកលើរូបភាពតាមអ៊ីនធឺណិត ដែលអាចនាំឱ្យមានការចម្លងតាមទម្រង់ខុស៕







