មន្ត្រីកម្ពុជា-អាម៉េរិកជួបពិភាក្សាគ្នា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម
អ
អុន សម្ផស្ស
•
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកឱកាសវិនិយោគលើវិស័យពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងទាក់ទាញវិនិយោគិនអាម៉េរិក ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត...។

ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១nSក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ស្ទេវិន ដៃនេស (Steve Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក និងគណៈប្រតិភូ កាលពីរសៀលថ្ងៃទី២៥វិច្ឆិកា។ ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស៊ីជម្រៅ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ជាពិសេស វិស័យដែលមានសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូសហរដ្ឋអាម៉េរិក ព្រមទាំងថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពកន្លងមក។ លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនអាម៉េរិក ក្នុងដំណើរការអភិវឌ្ឍនេះផងដែរ។

ទន្ទឹមគ្នា ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានកន្លងមក រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ(ART) កិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (Air Service Agreement) និងការគាំទ្រផ្នែកហិរញ្ញប្បទានពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិតេជោ(KTI)។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ក៏ត្រូវបានលើកឡើងជាសមិទ្ធផលសំខាន់មួយ ដែលរួមចំណែកពង្រឹងទំនាក់ទំនង និងលើកកម្ពស់សុខុមាលភាពសង្គមនៅកម្ពុជា។ ជំនួបពិភាក្សាបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីស្ថាបនា ហើយភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត