
រាជធានីភ្នំពេញ៖ សហគ្រាសសង្គម និងជាក្រុមការងារសម្អាតទន្លេ និងសមុទ្ទ River Ocean Cleanup (ROC) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តថែរក្សាជំនឿ និងប្រពៃណីបណ្តែតប្រទីប ប៉ុន្តែត្រូវបញ្ឈប់ការបំពុលបរិស្ថានទន្លេ ដោយងាកមកប្រើប្រាស់សម្ភារធម្មជាតិ ជំនួសឱ្យការប្រើប្លាស្ទិក និងស្នោ…។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារប្រមូលសំរាមប្រចាំថ្ងៃរបស់ River Ocean Cleanup បានប្រទះឃើញប្រទីប និងសំណល់រឹងជាច្រើន ជាពិសេស ប្លាស្ទិក និងស្នោ អណ្តែតកកកុញពេញផ្ទៃទឹក និងតាមបណ្តោយមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ។ តាមរយៈសារអំពាវនាវដដែល ក្រុមការងារ បញ្ជាក់ថា ខ្លួនគោរពយ៉ាងជ្រាលជ្រៅចំពោះប្រពៃណី និងវប្បធម៌ខ្មែរ ក្នុងការធ្វើ និងបណ្តែតប្រទីប ដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះគង្គា ហើយក៏ពុំបានស្នើឱ្យបញ្ឈប់ទំនៀមទម្លាប់ដ៏ល្អផូរផង់នេះដែរ ប៉ុន្តែស្នើឱ្យមានការផ្លាស់ប្ដូរឥរិយាបថ ដោយប្រើប្រាស់ដើមចេក ស្លឹកចេក ផ្កា និងសម្ភារធម្មជាតិដែលងាយរលួយ ជំនួសឱ្យស្នោ និងប្លាស្ទិក។

ក្រុមការងារសម្អាតទន្លេ និងសមុទ្ទសង្កត់ធ្ងន់ថា ទន្លេមេគង្គមិនត្រឹមតែជាផ្លូវទឹក ដែលផ្តល់សោភ័ណភាពដល់រាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភពទឹក ស្បៀងអាហារ ជីវភាព និងជាជម្រករបស់ជីវចម្រុះដ៏សំខាន់ផងដែរ។ ដូច្នេះ ការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងស្នោ គឺជាការរួមចំណែកដោយផ្ទាល់ ក្នុងការការពារជីវចម្រុះក្នុងទឹក រក្សាគុណភាពទឹក និងលើកកម្ពស់សោភ័ណភាពរាជធានី ឬទីក្រុងឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត៕





