ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក រាជធានីភ្នំពេញមានភ្ញៀវជាតិ និងអន្តរជាតិជាង១លាន២សែននាក់ ខណៈសៀមរាបមានជាង៨ម៉ឺននាក់មកលេងកម្សាន្ត
អ
អាន ប៊ុនរ័ត្ននៈ
•
3 ឆ្នាំមុន

សៀមរាប+ភ្នំពេញ៖ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ មានអ្នកទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ១ ២០០ ០០០នាក់ និងខេត្តសៀមរាបមានអ្នកទៅលេងកម្សាន្តប្រមាណ ៨៤៤៣១នាក់ ខណៈបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ត្រូវបានធានាទាំងស្រុងពីកងកម្លាំងសមត្ថកិច្ចបានយ៉ាងល្អប្រសើរ។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ និងរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប។

របាយការណ៍ខាងលើបង្ហាញឱ្យដឹងថា នៅថ្ងៃទី០១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១,២០០,០០០នាក់។ ថ្ងៃទី១នេះ បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន១៦៧៤នាក់ (ស្រី២៤៣នាក់) និងបានដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួនម្នាក់។

ចំពោះកម្លាំងការពារតាមគោលដៅនានា បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន០៦នាក់ និងបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅវិញបានចំនួន០៤នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន០២នាក់បន្តទៀត។ ជាមួយគ្នានោះ អាជ្ញាធរសមត្ថកិច្ចបានត្រៀមអន្តរាគមន៍ ចេញជួយសង្រ្គោះក្នុងករណីទូកប្រណាំងលិចទឹក បានចំនួន០៩ទូក និងបានជួយសង្រ្គោះកីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព។ សូមជម្រាបផងដែរថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅរាជធានីភ្នំពេញ។

ដោយឡែក យោងតាមរបាយការណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវ​ទេសចរ​ទស្សនា​នៅខេត្តសៀមរាប អំឡុងថ្ងៃទី១ នៃ​ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះព្រះខែ មានចំនួនប្រមាណ៨៤៤៣១នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមានចំនួនប្រមាណ៧៤៣១នាក់ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និងមកពីតាមបណ្រតាខេត្តនានា មានចំនួនសរុបប្រមាណ៧៧០០០នាក់។ ក្នុងនោះអញនកទេសចរបានទៅទស្សនានៅតំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ៣៩០០០នាក់, រមណីយដ្ឋានភ្នំគូលែន មាន​ចំនួន​ប្រមាណ៤២០០នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ២៥០០០ នាក់ និងនៅ​តាម​សហគមន៍​ទេសចរណ៍នានាមានចំនួនប្រមាណ៨៨០០នាក់។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹងសៀ​មរាប ដែលកម្មវិធីនោះក៏មានរៀបចំនូវពិធីកម្សាន្តនានា ក៏ដូចជាមានការ​ប្រណាំង​ទូក​-ង​ ខ្នាតតូច (ចំណុះ២២នាក់) ការបណ្តែតប្រទីប, ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប, ការ​តាំង​លក់ផលិតផល, ការប្រគំតន្ត្រី និងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោកផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត