
រាជធានីភ្នំពេញ៖ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១៥៩ ០០០ នាក់ បានអញ្ជើញមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ នៅតំបន់មុខព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ…។

បើតាមការបញ្ជាក់របស់ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងចំណោមអ្នកដើរកម្សាន្តសរុបប្រមាណ១៥៩ ០០០នាក់នោះ គឺមានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៤ ០០០នាក់។ ទិដ្ឋភាពដ៏អ៊ូអរ និងសប្បាយរីករាយនេះ បានបង្ហាញឱ្យឃើញពីបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ ដែលបង្កលក្ខណៈងាយស្រួលដល់មហាជន និងភ្ញៀវទេសចរ មកពីគ្រប់ទិសទី អាចស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពដងទន្លេចតុមុខ និងកម្សាន្តសប្បាយក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នេះ ត្រូវបានប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំតុបតែងលម្អភ្លើងពណ៌យ៉ាងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕





